(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មនុស្សជាង ២០០០នាក់ បានទទួលការអប់រំ និងបំប៉នសមត្ថភាពជនបង្គោល សុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងពង្រឹងបន្ថែម ជនបង្គោលឲ្យមានសមត្ថភាពពីច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ការដឹកជញ្ជូនលើសទម្ងន់ និងការគ្រប់គ្រងដីចំណីផ្លូវរបស់រដ្ឋ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោក រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាទូទាំងខេត្ត ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រម៉ាណជាង ២០០០នាក់។

ថ្លែងក្នុងពិធីអប់រំច្បាប់ចរាចរណ៏លោក វ៉ី សំណាង បានលើកឡើងថា កំហុសរបស់អ្នកធ្វើដំណើរតែងតែប្រើការប្រញ៉ាប់ដោយល្បឿនលឿនគ្មានហេតុផល និងពុំសូវចេះអនុគ្រោះ យោគយល់គ្នាទៅវិញទៅមក កត្តានេះហើយដែលរាល់ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យមានសភាពធ្ងន់ធ្ងរ និងខាតបង់ប្រយោជន៍ជាច្រើន ដូចនេះយើងជាអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុត។

លោកអភិបាលខេត្តបានទទូច និងស្នើឲ្យបងប្អូនចូលរួមគោរពច្បាប់ ដើម្បីរួមគ្នាកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាមនុស្ស ពីព្រោះមនុស្សដែលធ្វើឲ្យកើតហេតុឡើង មនុស្សជាអ្នកខូចខាតទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងថវិកាជាតិផងដែរ៕