(ព្រៃវែង)៖ កូនឈើគ្រញូងចំនួន ៧ពាន់ដើម ត្រូវបានតំណាងរាស្ត្រមណ្ឌលព្រៃវែងពីររូប ដឹកនាំក្រុមយុវជន និងប្រជាពលរដ្ឋដាក់ដាំនៅក្នុងវត្តចំនួនពីរ ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំផុសចលនាដល់ពលរដ្ឋ ងាកមកដាំដើរដើមឈើ ឱ្យបានគ្រប់ៗគ្នា។

លោក ខៀវ ភារិទ្ធ និងលោក ជាម ប៉េអាអ្នកតំណាងសរាស្ត្រមណ្ឌលព្រៃវែង បានលើកឡើងថា ដើមឈើមានសារប្រយោជន៍យ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋ សង្គមជាតិ និងពិភពលោកទាំងមូល ប៉ុន្តដើមឈើត្រូវបានរិចរិល និងបាត់បងជាបន្តបន្ទាប់ ដូច្នេះហើយទើបបណ្តាប្រទេស នៅលើពិភពលោក ប្រារព្ធទិវាដាំដុះដើមឈើឡើងវិញចំណែកនៅក្នុងប្រទេសកម្ពុជាយើង ការដាំដុះដើមឈើឡើងវិញ គឺបានចាប់ផ្ដើមឡើង តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ និងតរហូតមកដល់បច្ចុប្បន្ន ហើយសម្រាប់ខេត្តព្រៃវែងនេះ ក៍មិនមែនជាលើកទីមួយដែរ។

លោកបន្តថា ចំពោះការដាក់ដាំកូនឈើ នៅស្រុកស៊ីធរកណ្ដាលនាពេលនេះ គឺដើម្បីបំផុសចលនា ដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ឱ្យងាកមកចូលរួម ដាំកូនឈើឱ្យបានគ្រប់ៗគ្នា ដែលយ៉ាងហោចណាស់ ឱ្យបាន១ដើមក្នុងម្នាក់ៗ។

សូមបញ្ជាក់ថា កូនឈើដែលបានដាក់ដាំ ខាងលើនេះជាប្រភេទឈើគ្រញូង មានចំនួន៧០០០ដើម ក្នុងនោះ ៤,៥០០ដើម ដាំនៅវត្តអន្លង់ស ភូមិអន្លង់ស ឃុំរំលេច និង២,៥០០ដើមទៀត ដាំនៅវត្ត ព្រៃដើមថ្នឹងខាងត្បូង ភូមិឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕