(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជីញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូដែលដឹកនាំ ដោយភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) និងក្រសួងពាណិជ្ជកម្មចិន (MOFCOM) រួមមាន៖ តំណាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េ, តំណាងស្ថានទូតចិននៅសាធារណរដ្ឋកូរ៉េ, តំណាងសភាពាណិជ្ជកម្មចិន សម្រាប់នាំចេញនាំចូលគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក, ធុរជនកូរ៉េ និងធុរជនចិន ចំនួនប្រមាណ ២០នាក់ ដែលមានប្រតិបត្តិការក្នុងវិស័យរ៉ែ, ថាមពល, សំណង់ និងអចលនទ្រព្យ។

លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលនេះជាលើកទីមួយ នៃការរៀបចំបេសកកម្មក្រៅប្រទេសរួមគ្នាចិន និងកូរ៉េ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ «ចិន កូរ៉េ បូកមួយ» ស្របតាមការផ្តួចផ្តើមគំនិតរបស់លោកប្រធានាធិបតីចិន និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារនេះ ក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) ស្តីពីកិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក មូន ជេអ៊ីន (Moon Jae In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូអំពី គោលនយោបាយបើកចំហចំពោះការ វិនិយោគបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានឆ្លើយបំភ្លឺចំពោះសំនួរនានារបស់គណៈប្រតិភូពាក់ព័ន្ធ នឹងបរិយាកាសវិនិយោគនៅកម្ពុជា។

លោកក៏បានបានជម្រាបជូនគណៈប្រតិភូចិន និងកូរ៉េ ពីការព្យាយាម និងការតាំងចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ដល់អ្នកវិនិយោគចិន និងកូរ៉េ ក្នុងក្របខណ្ឌវិធានការកំណែទម្រង់មុតស្រួចទាំង១៧ ចំណុចដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

តំណាងគណៈប្រតិភូចិននិងកូរ៉េ បានថ្លែងអំណរគុណចំពោះលោក សុខ ចិន្តាសោភា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចំណាយពេលវេលា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាពេលនេះ និងបានជម្រាបពីបំណងអញ្ជើញលោក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមវេទិកាធុរកិច្ចចិន-កូរ៉េ នាពេលឆាប់ៗខាងមុខនេះ៕