(អាមេរិក)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយរបស់កម្ពុជា គឺក្រុមហ៊ុន Khmer Foundation Appraisal (KFA) ទើបទទួលបានពានរង្វាន់ «The BIZZ AMERICAS 2019» ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ពីសហព័ន្ធធុរកិច្ចពិភពលោក ហៅថា World Confederation of Business (WORLDCOB) ដែលមានស្នាក់ការតាំងនៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក។

ការប្រគល់ពានរង្វាន់នេះ រៀបចំឡើងនៅសណ្ឋាគារ InterContinental Mark Hopkins Sanfransisco នៃរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) បានឲ្យដឹងថា មុននឹងទទួលពានរង្វាន់លំដាប់ពិភពលោកនេះ គណៈកម្មការនៃសហព័ន្ធធុរកិច្ចពិភពលោក បានវាយតម្លៃនៅលើលក្ខណៈសម្បត្តិចំនួន៥រួមមាន១. Excellent In Businesses leadership, ២. Excellence In Business Managerment, ៣. Excellence In Marketing Management, 4. Excellence in Quality Managment, 5. Innovative Knowledgeable and Systematic manner។ ហើយឃើញថា ក្រុមហ៊ុនកំពុងរីកចំរើនជាលំដាប់ ដែលសក្តិសមនឹងទទួលចូលជាសមាជិកសហព័ន្ធ។

លោកបន្តថា វត្តមានជាសមាជិកសហព័ន្ធធុរកិច្ចពិភពលោក បង្កឱកាសដល់ KFA ទទួលបានការជួយលើកតម្កើង និងការអភិវឌ្ឍអាជីវកម្ម ក្នុងលំដាប់ស្តង់ដារអន្តរជាតិពីសហព័ន្ធ។

នេះជាការទទួលបានពានរង្វាន់លំដាប់អន្តរជាតិ ជាលើកទី២ បន្ទាប់ពីការលើកទី១ ក្រុមហ៊ុនបានពានរង្វាន់ International Grown Award ឆ្នាំ២០១៧ នៅទីក្រុងឡុងដ៍ ដែលរៀបចំដោយគណៈកម្មាធិការជ្រើសរើស BID Group និង IQC ដោយទទួលស្គាល់ថា KFA ភាពជាអ្នកដឹកនាំការច្នៃប្រឌិតគុណភាព និងភាពប្រសើរ។។ ខណៈដែលពានរង្វាន់ជាច្រើនទៀត ក្រុមហ៊ុនទទួលបាន នៅប្រទេសកម្ពុជា។

លោកបន្តថា ក្នុងឱកាសទទួលពានរង្វាន់នោះដែរ លោកបានថ្លែងប្រាប់អ្នកធ្វើធុរកិច្ចជន ដែលមកពីបណ្តាប្រទេសនានា លើពិភពលោក អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ សន្តិសុខសង្គមល្អ និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីស្រូបទាញនូវអ្នកវិនិយោគពីបរទេស និងអ្នកវិនិយោគក្នុងប្រទេស ឲ្យមានការសប្បាយចិត្ត ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

លោកក៏បានលើកឡើងនូវការរីកចម្រើន នូវយ៉ាងលឿននូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលកំណើនសេដ្ឋកិច្ច សម្រេចបានក្នុងអត្រាជាង៧ភាគរយ ជាង១០ឆ្នាំ ដែលធ្វើឲ្យទាក់ទាញបាននូវការវិនិយោគិន។

សូមបញ្ជាក់ថា សហព័ន្ធធុរកិច្ចពិភពលោក World Confederation of Business (WORLDCOB) មានសមាជិកក្រុមហ៊ុនឆ្នើមជាង ៣០០,០០០ មកពី១២០ប្រទេសលើសកលលោក មានស្នាក់ការតាំងនៅទីក្រុង Houston រដ្ឋ Texas នៃសហរដ្ឋអាមេរិក បានដំណើរការវាយតម្លៃក្រុមហ៊ុនជាសមាជិក ផ្តល់ប្រឹក្សា ទទួលស្គាល់សកម្មភាពធុរកិច្ចឆ្នើម និងទទួលស្គាល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំដែលមានស្នាដៃ ជ្រោមជ្រែងក្រុមហ៊ុនឲ្យឆ្ពោះទៅរកភាពជោគជ័យ ដោយបានរៀបចំពិធីនៅគ្រប់ទ្វីប នៃពិភពលោក តាមកាលវិភាគរបស់ខ្លួន៕