(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ និងមន្ដ្រីជំនាញដែលដឹកនាំដោយ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានផ្អាកសកម្មភាពវាយកម្ទេចអគារកម្ពស់៦ជាន់ បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ជាបណ្ដោះអាសន្ន។

ភ្នាក់ងារ Fresh News ដែលប្រចាំការយកព័ត៌មាន នៅកន្លែងកើតហេតុ បានរាយការណ៍ថា សមត្ថកិច្ចនឹងបន្ដការវាយកម្ទេចអគារនេះទៀត នៅថ្ងៃព្រឹកស្អែក ខណៈដែលផ្លូវនៅជុំវិញបរិវេណនេះ ត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន មិនឲ្យធ្វើដំណើរនោះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង។

អ្នកជំនាញវិស្វករ ដែលចុះសិក្សាលើករណីនេះ បានបង្ហើបប្រាប់ភា្នក់ងារ Fresh News ឲ្យដឹងបន្ថែមថា សម្រាប់ប្រតិបត្តិការវាយកម្ទេចអគារនេះ សមត្ថកិច្ចអាចនឹងប្រើប្រាស់ពេលប្រមាណ១ខែ ទើបហើយទាំងស្រុង ព្រោះអ្នកជំនាញទាមទារពេលវេលា ដើម្បីសិក្សាលម្អិតបន្ថែមទៀត អំពីស្ថានភាពស៊ីម៉ង់ដ៍ដែលត្រូវភ្លើងឆេះ។

សូមជម្រាបថា ជុំវិញហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ឆេះអគារសិប្បកម្មផលិតពូកកម្ពស់៦ជាន់មួយអគារ និង៤ជាន់មួយអគារ ជាមួយរោងសិប្បកម្មធំមួយ នៅចំណុចផ្លូវលេខ៨បេតេ កែផ្លូវ៣បេតេ ក្រុងទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានប្រើប្រាស់ពេលជាង១៦ម៉ោង ដើម្បីបាញ់ទឹកពន្លត់ ពោលកើតហេតុចាប់ពីម៉ោង០១៖២០នាទី ថ្ងៃទី២៣ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

របាយការណ៍លម្អិតរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញនេះ បណ្ដាលឲ្យអគារសិប្បកម្ម និងសម្ភារ ឧបករណ៍ផលិតពូកជាច្រើនគ្រឿង ត្រូវបានខូចខាតទាំងស្រុង សរុបទឹកប្រាក់ ចំនួន៣,៣៥០,០០០ដុល្លារអាមេរិក។

ដោយឡែក សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦១ឡាន ស្មើនឹងទឹក១,៤៧៦ម៉ែត្រគូប។ សមត្ថកិច្ចបានអះអាងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី មិនមានការឆេះរាលដាលដល់ផ្ទះរបស់អ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។

ប៉ុន្តែចំពោះផ្លូវមួយចំនួន ដែលត្រូវឆ្លងកាត់មកកន្លែងកើតហេតុ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងបរិវេណនៃកន្លែងកើតហេតុ ត្រូវបានក្រុមការងារមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងស្នាក់នៅតាមផ្ទះឡើយ ដើម្បីបង្ការករណីគ្រោះថ្នាក់កើតឡើង ពីការបាក់រលំអគារដែលអគ្គីភ័យឆាបឆេះខាងលើនេះ៕