(ភ្នំពេញ)៖ បទចម្រៀង «ទទាយំឆ្លង២០១៩» ដែលនិពន្ធដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានន័យខ្លឹមសារឌឺដងឱ្យទណ្ឌិត សម រង្ស៉ី រឿងប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ ត្រូវបានតារាចម្រៀងសំនៀងពិរោះ៤ដួង រួមគ្នាបកស្រាយយ៉ាងក្រអួនក្រអៅ។

តារាចម្រៀងទាំង៤ដួងដែលរួមគ្នាបកស្រាយចម្រៀង «ទទាយំឆ្លង២០១៩»នេះ រួមមាន៖ អ្នកនាង ឆោម ឆពុំ, កញ្ញា សុខ សីឡាលីន, កញ្ញា ចំរើន សុភក្ត្រ និងកញ្ញា រ័ត្នរចនា ដែលសុទ្ធតែជាតារាម្រៀងមានសំនៀងពិរោះរណ្តំចិត្ត ហើយមានឈ្មោះបោះសំឡេងលើវិថីសិល្បៈផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បាននិពន្ធបទចម្រៀងថ្មីមួយបទទៀត ដោយដាក់ចំណងជើងថា «ទទាយំឆ្លង២០១៩»។ សម្តេចតេជោ បានគូសបញ្ជាក់ថា បទចម្រៀងថ្មីមួយបទនេះសម្តេចនិពន្ធឡើងដើម្បីឱ្យស្របជាមួយសភាពការណ៍ថ្មី។

តែទោះជាយ៉ាងណា បទ «ទទាយំឆ្លង២០១៩» នេះ ត្រូវបានគេមើលឃើញថា ជាបទចម្រៀងមួយដែលតែងនិពន្ធឡើងជាការឌឺដងឱ្យទណ្ឌិត សម រង្ស៉ី ជុំវិញការប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។ អត្ថន័យបទចម្រៀង សម្តេចតេជោ បានបង្ហាញពីការរង់ចាំវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី។ ប៉ុន្តែសម្តេចតេជោនៅតែសង្កត់ធ្ងន់ថា គុកនៅចាំស្វាគមន៍ការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី។

បទចម្រៀងរបស់សម្តេចតេជោមានន័យខ្លឹមសារដូចខាងក្រោម៖

១៖ ទទាយំឆ្លងត្រយ៉ងបងអឺយច្បាស់ហើយ (២ដង) សង្សារបងអឺយ ៩វិច្ឆិកា។
គុកនឹកបងណាស់សូមបងមេត្តា ចូលមករៀមរ៉ាសមដូចបំណង។

២៖ កាលពីគ្រាមុនបងតែងសាវ៉ា (២ដង) ធ្វើឱ្យចិន្តាអូនសែនចំបែង
ខ្មាសគេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣៖ រង់អឺយរង់ចាំ ៩វិច្ឆិកា (២ដង) ដល់ពេលនោះណានឹងបានជួបបង
បងមកលើកនេះគុកមានមេត្តា ផ្តល់ឱ្យរៀមរ៉ាជ្រក កោនដូចចិត្ត។

៤៖ អូនសូមអង្វរបងកុំប្តូរចិត្ត (២ដង) គួរតែអាណិតអ្នកដែលរង់ចាំ
សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា។

ជាការការកត់សម្គាល់ការនិពន្ធចម្រៀងឌឺដងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានមតិជាច្រើនជឿថា ទណ្ឌិត សម រង្ស៊ី នឹងមិនវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យានោះឡើយ។

នេះជាបទថ្មីមួយទៀតក្នុងអាល់ប៊ុម (album) «ទទារយំឆ្លង» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីនិពន្ធជាការឌឺដង និងបញ្ឈឺចិត្តទណ្ឌិត សម រង្ស៉ី មិនដែលធ្វើតាមអ្វីដែលខ្លួនបានសន្យានោះ។ កាលពីខែកុម្ភៈ កន្លងទៅ ក៏បានចេញបទចម្រៀងទទារយំឆ្លងនេះផងដែរ ដោយដាក់ចំណងជើងថា «ទទាយំឆ្លង បងរត់លឿនម្ល៉េះ»។ «ទទាយំឆ្លង បងរត់លឿនម្ល៉េះ» ជាបទចម្រៀងមួយដែលសម្តេចនិពន្ធឡើងឌឺដងឱ្យទណ្ឌិត សម រង្ស៉ី មិនវិលចូលស្រុកជាប់ទោស ក្រោយភ្នាល់ចាញ់សម្តេចនាយករដ្ឋមន្ត្រី រឿងដោះលែង លោក កឹម សុខា៕