(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បាននិពន្ធបទចម្រៀងថ្មីមួយបទ «ទទារយំឆ្លង២០១៩»។ បទចម្រៀងនេះត្រូវបានគេមេីលឃេីញថា​ ជាបទចម្រៀងមួយឌឺដងឱ្យទណ្ឌិត សម រង្ស៊ី ជុំវិញការប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។

ក្នុងអត្ថន័យបទចម្រៀងនោះ សម្តេចតេជោ​ បានបង្ហាញការរង់ចាំវិលត្រឡប់របស់ទណ្ឌិត​ សម​ រង្ស៊ី​។ ប៉ុន្តែសម្តេចតេជោនៅតែសង្កត់ធ្ងន់ថា គុកនៅចាំស្វាគមន៍ការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី ។

បទចម្រៀងរបស់សម្តេចតេជោមានន័យខ្លឹមសារដូចខាងក្រោម៖

១៖ ទទាយំឆ្លងត្រយ៉ងបងអឺយច្បាស់ហើយ (២ដង) សង្សារបងអឺយ ៩វិច្ឆិកា។
គុកនឹកបងណាស់សូមបងមេត្តា ចូលមករៀមរ៉ាសមដូចបំណង។

២៖ កាលពីគ្រាមុនបងតែងសាវ៉ា (២ដង) ធ្វើឱ្យចិន្តាអូនសែនចំបែង
ខ្មាសគេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣៖ រង់អឺយរង់ចាំ ៩វិច្ឆិកា (២ដង) ដល់ពេលនោះណានឹងបានជួបបង
បងមកលើកនេះគុកមានមេត្តា ផ្តល់ឱ្យរៀមរ៉ាជ្រក កោនដូចចិត្ត។

៤៖ អូនសូមអង្វរបងកុំប្តូរចិត្ត (២ដង) គួរតែអាណិតអ្នកដែលរង់ចាំ
សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ទៀតថា​ បទចម្រៀងនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេង ដើម្បីច្រៀងកំសាន្តថែមទៀតផង។

ជាការការកត់សម្គាល់ការនិពន្ធចម្រៀងឌឺដងរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ធ្វេីឡេីងបន្ទាប់ពីមានមតិជាច្រេីនជឿថា​ ទណ្ឌិត​ សម​ រង្ស៊ី​ នឹងមិនវិលចូលស្រុកនៅថ្ងៃទី៩​ ខែវិច្ឆិកា​ ដូចការសន្យានោះឡេីយ៕