(ភ្នំពេញ)៖ ក្រុមចោរដែលមានជំនាញ ខាងលួចផ្លាកលេខរថយន្តមិនរើសម៉ាក២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃសម១។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

បើតាមសេចក្ដីរាយការណ៍ សម្រាប់អ្នកទទួលផលចោរកម្ម ឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ក្រោយពីបញ្ចប់ការសួរនាំ ​ត្រូវបានលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន រងចាំការសួរនាំ និងបន្ដនីតិវិធីនៅពេលក្រោយ។

ចំណែកជនត្រូវចោទ ដែលត្រូវឃុំខ្លួនរួមមាន ឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ។

ក្រុមជនត្រូវចោទត្រូវបានលោក សេង គីមឡាក់ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ទៅឲ្យលោក រស់ សាម៉ឺឌី ជាចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។

គួររម្លឹកថា ក្រុមជនត្រូវចោទទាំង៣នាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនភ្លាមៗ កាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចផ្លាកលេខរថយន្តម៉ាកព្រូស និងបទទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕