(ប្រេស៊ីឡា)៖ រដ្ឋចំនួន៦នៅតំបន់អាម៉ាហ្សូនរបស់ប្រេស៊ីល បានស្នើសុំជំនួយយោធា ដើម្បីទប់ទល់បញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតគួរ ឲ្យបារម្ភជាទីបំផុត ដែលកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់តំបន់ព្រៃទាក់ទាញទឹកភ្លៀងដ៏ធំនេះ។ នេះបើតាមការដកស្រង់ការ ចេញផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។

យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីប្រេស៊ីល រដ្ឋចំនួន៦ រួមមាន Para, Rondonia, Roraima, Tocantins, Acre និង Mato Grosso ក្នុងចំណោមរដ្ឋសរុបទាំងអស់៩នៃតំបន់អាម៉ាហ្សូន បានស្នើឲ្យយោធាជួយទប់ទល់បញ្ហាភ្លើងឆេះព្រៃ បន្ទាប់ពី ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានអនុញ្ញាតឲ្យកងទ័ពចេញមុខ។ មន្រ្តីជាន់ខ្ពស់យោធាប្រេស៊ីល លោក Raul Botelho បានឲ្យដឹងថា កងទ័ពចំនួន៤៤,០០០នាក់ ដែលប្រចាំការនៅតំបន់អាម៉ាហ្សូនភាគខាងជើង អាចប្រើប្រាស់ដើម្បីទប់ទល់​បញ្ហាភ្លើងឆេះព្រៃបាន ហើយនឹងអាចបញ្ជូនមកពីផ្សេងៗថែមទៀត។

គួរជម្រាបថា តំបន់អាម៉ាហ្សូន គឺជាព្រៃទាក់ទាញទឹកភ្លៀងធំជាងគេលើលោក ហើយការគាំពារតំបន់ព្រៃនេះ ត្រូវបានអន្តរជាតិ​ចាត់ទុកជារឿងដ៏សំខាន់ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុជាសកល ដោយសារតែបរិមាណនៃការស្រូបយក​ឧស្ម័នកាបូនិចរបស់វា។ ព្រៃអាម៉ាហ្សូនលាតសន្ធឹងលើប្រទេសជាច្រើន នៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រេស៊ីលគ្រប់គ្រងច្រើនជាងគេ គឺខ្ទង់៦០ភាគរយ ដោយបន្ទាប់មកប៉េរូ (១៣ភាគរយ) និងកូឡុំប៊ី (១០ភាគរយ) រួមជាមួយប្រទេសដទៃទៀត៕