(ចិន)៖ ក្នុងឱកាសជួបប្រជុំពិភាក្សាការងារ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តជីលីន និងមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជីលីន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើសុំថ្នាក់ដឹកនាំខេត្ត ជួយជំរុញឲ្យមានការតភ្ជាប់ហោះហើរត្រង់ពីទីក្រុងឆាងឈុន មកប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ខេត្ដសៀមរាប ឬខេត្តព្រះសីហនុ ឲ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ដោយក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នឹងជួយសម្រួលបែបបទគ្រប់នីតិវិធី និងក៏បានស្នើសុំក្រុមហ៊ុនអាកាសក្នុងស្រុកនៃកម្ពុជា ធ្វើការសិក្សាលើការបើកផ្លូវហោះហើរថ្មីនេះផងដែរ។

លោករដ្ឋមន្ដ្រីក៏បានបញ្ជាក់ជូនថ្នាក់ដឹកនាំ ខេត្តជីលីន អំពីមូលហេតុចំបងៗមួយចំនួន ដែលគួរតែមានជើងហោះហើរត្រង់រវាងកម្ពុជា និងខេត្តជីលីនពីព្រោះថា៖

១៖ មកទល់ពេលបច្ចុប្បន្ននេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ច្រើនតែនៅភូមិភាគខាងត្បូង និងភូមិភាគកណ្ដាលហើយ ពុំទាន់មានការហោះហើរត្រង់ពីភូមិភាគខាងជើង នៃប្រទេសចិននៅឡើយទេ លើកលែងតែរដ្ឋធានីប៉េកាំង។

២៖ ក្រុមហ៊ុនអាកាសចរប្រទេសកម្ពុជាចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនចិនចំនួន១៤ក្រុមហ៊ុន ដែលកំពុងធ្វើការហោះហើររវាងប្រទេសទាំងពីរ ហើយការតភ្ជាប់ការហោះហើរពីរាជធានីភ្នំពេញទៅបណ្ដាទីក្រុងនានានៅប្រទេសចិន ដល់ទៅ២៣ទីក្រុង, ពីសៀមរាបដល់ទៅ៣៨ទីក្រុង និងពីខេត្តព្រះសីហនុដល់ទៅ១៥ទីក្រុង លើកលែងតែទីក្រុងជីលីន មិនមានការតភ្ជាប់ការហោះហើរនៅឡើយទៅកម្ពុជានៅឡេីយ។

៣៖ ខេត្តជីលីន និងកម្ពុជា មានសក្ដានុពលក្នុងវិស័យទេសចរណ៍ខ្ពស់ ដោយខេត្តជីលីនមាននូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើន ជាពិសេសរដូវកាលធ្លាក់ទឹកកក ដែលអាចជួយជំរុញអ្នកទេសចរណ៍កម្ពុជាមកទស្សនា ហេីយអ្នកទេសចរណ៍ខេត្តជៀលិន មកទស្សនាវប្បធរម៌ និងឆ្នេរសមុទ្ទដ៏ស្រស់ត្រកាលនៅកម្ពុជា ដូចដែលអ្នកទេសចរណ៍ចិនមកទស្សនាប្រហែលប្រមាណជាង២លាននាក់ក្នុងឆ្នាំ២០១៩នេះ។

៤ ៖ ការចាប់ផ្តេីមការហោះហេីរនេះ ក៏នឹងនាំមកនូវការរីកចម្រើនដោះដូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងខេត្តជៀលិន និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតបថ្នាក់ដឹកនាំ នៃខេត្តជីលីន ស្វាគមន៍នូវគំនិតផ្ដួចផ្ដើមដ៏ល្អប្រសើរ របស់លោកបណ្ឌិតរដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការជំរុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់រវាងកម្ពុជា និងខេត្តជីលីន ឲ្យបានឆាប់បំផុត និងចង់ឃើញនូវដំណើរទស្សកិច្ច របស់លោកបណ្ឌិតរដ្ឋមន្រ្ដី ឲ្យទៅជាលទ្ធផលនៃការអនុវត្តន៍ ជាក់ស្ដែងទៅលើការបើកជើងហោះហើរត្រង់រវាងទីក្រុងឆានឈុន និងទីក្រុងណាមួយនៅក្នុងប្រទេសកម្ពុជា៕