(ភ្នំពេញ)៖ ទីតាំងស្តុកលក់ និងបញ្ចូលហ្គាសមួយកន្លែងគ្មានស្លាកយីហោ និងសង្ស័យគ្មានច្បាប់ទម្លាប់ ស្ថិតនៅផ្លូវលេខ២៧៣ ខាងកើតអង់តែនទួលគោក ប្រហែល៣០ ទៅ៤០ម៉ែត្រ ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងតែបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង ដោយសារការធ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាងនៃទីតាំងស្ដុកលក់ និងបញ្ចូលហ្គាសនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានសំណូមពរស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ឲ្យជួយផ្សព្វផ្សាយបញ្ជូនដំណឹងមួយនេះ ទៅកាន់អាជ្ញាធរសង្កាត់ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយចាត់វិធានការតាមបទដ្ឋានបច្ចេកទេស និងបើអាចឈានដល់ការបិទចោលក៏ល្អដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នៃទីតាំងស្ដុកលក់ និងបញ្ចូលហ្គាសមួយនេះ បានបង្ហើបឲ្យដឹងថា មុនពួកគាត់សម្រេចចិត្តសំណូមពរស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរសង្កាត់-ខណ្ឌ និងមន្ត្រីជុំនាញពាក់ព័ន្ធ ដោយសារមូលហេតុប្រឈមហានិភ័យមួយចំនួន កំពុងបន្តគំរាមកំហែងកើតឡើងរាល់ថ្ងៃ ទាំង Past App និងរថយន្ដផ្សេងៗ ដែលចូលទៅទទួលសេវាបញ្ចូលហ្គាស គឺបណ្ដាលឲ្យកកស្ទះផ្លូវ និងជះក្លិនជានិច្ច ងាយនិងឆ្លងឆេះផ្ទុះជាទីបំផុត ដោយសូម្បីតែទីតាំង ក៍មិនត្រូវតាមលក្ខណៈបច្ចេកទេសនោះដែរ និងសង្ស័យគ្មានច្បាប់ទម្លាប់ផង។

យ៉ាងណាក៏ដោយ ដោយសារមូលហេតុប្រឈមហានិភ័យមួយចំនួន កំពុងបន្តគំរាមកំហែងកើតឡើងរាល់ថ្ងៃទាំង Past App និងរថយន្ដផ្សេងៗ ដែលចូលទៅទទួលសេវាបញ្ចូលហ្គាស បណ្ដាលឲ្យកកស្ទះផ្លូវ និងជះក្លិនជានិច្ច ងាយនិងឆ្លងឆេះផ្ទុះជាទីបំផុត ដោយសូម្បីតែទីតាំង ក៍មិនត្រូវតាមលក្ខណៈបច្ចេកទេស នៃមន្ទីររ៉ែ និងថាមពល ហើយសង្ស័យគ្មានច្បាប់ទម្លាប់ផងនោះ, ប្រជាពលរដ្ឋ មានក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំទៅលើចំណាត់ការ របស់អាជ្ញាធរខណ្ឌឫស្សីកែវជានិច្ច ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីចាត់វិធានការតាមច្បាប់ ជាធរមាន។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានហេតុការណ៍ផ្ទុះឆេះទីតាំងស្តុក និងបញ្ចូលហ្គាសនៅកណ្តាលក្រុងសៀមរាប បណ្តាលឲ្យរងរបួសជាង១០នាក់ផងដែរ ក្នុងនោះស្រ្តីបរទេស២នាក់លផងដែរ។ ក្រោមការបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ដោយមានលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នគរបាលការិយាល័យសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុងសៀមរាប បានចុះធ្វើការពិនិត្យរាល់ទីតាំងទាំងឡាយ ដែលធ្វើអាជីវកម្មស្តុក និងបញ្ចូលហ្គាស នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕