(រតនគិរី)៖ បន្ទាប់ពីតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីរយៈពេល ៨ថ្ងៃ សពនាយឧត្តមសេនីយ៍ ស៊ើយ កែវ អតីតសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំធ្វើពិធីដង្ហែយកទៅបញ្ចុះនៅវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ពិធីបញ្ចុះសពនាយឧត្តមសេនីយ៍ ស៊ើយ កែវ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមអធិបតីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចចៅហ្វាហ្វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកទាំង៩ មន្ត្រីរាជការគ្រប់មន្ទីរ ស្ថាប័នក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជន ស.ស.យ.ក និងយុវជនស្រលាញ់សន្តិភាពយ៉ាងច្រើនកុះករ។

លោក មួង ប៉យ សមាជិកព្រឹទ្ធសភា បានអានជីវប្រវត្តិនាយឧត្តម ស៊ើយ កែវ ដោយបានលើកឡើងពីវីរភាពដ៏អង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុឯករាជ្យជាតិ និងការតស៊ូ រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងនាមតំណាងឲ្យព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តរតនគិរី សូមសម្តែងនូវសេចក្តីសោកស្តាយ ក្តុកក្តួលក្នុងចិត្តឥតឧបមា ប្រកបដោយក្តីទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ ស៊ើយ កែវ។

លោក មួង ប៉យ បានគូសបញ្ជាក់ថា មរណភាពរបស់នាយឧត្តមសេនីយ៍ គឺជាបាត់បង់នូងស្វាមី បិតាបង្កើត បិតាក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធ៌ម ដែលកន្លងមកលោកតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីកសាងគ្រួសារ ចិញ្ចឹមបីបាច់ ថែរក្សានិងអប់រំទូន្មានបុត្រធីតាចៅៗ ប្រកបដោគន្លងធ៌មរហូតក្លាយជាបញ្ញាវន្ត ជាថ្នាក់ដឹកនាំល្អក្នុងស្ថាប័ន អង្គភាព និងជាប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ក្នុងឱកាសដ៏សែនក្តុកក្តួលនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិមិត្ត ជិតឆ្ងាយទាំងអស់ នៃសពនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ស៊ើយ កែវ បានទទួលមរណភាព នៅវេលាម៉ោង២០៖៤៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយរោគាពាធក្នុងជន្មាយុ ៨៤ឆ្នាំ៕