(កំពង់ចាម)៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទើបតែជាប់ឆ្នោត លោកឧកញ៉ា ហួត ឈឿន បានថ្លៃណែនាំឱ្យអាណាព្យាបាលសិស្ស ចេះលើកទឹកចិត្តកូនៗ ឱ្យអានសៀវភៅ ខិតខំសិក្សា ដើម្បីក្លាយ ទៅជាធនធានមនុស្សដ៏មានតម្លៃទៅ ថ្ងៃអនាគត។

លោកឧកញ៉ា ហួត ឈឿន បានលើក ឡើងដូច្នេះនៅក្នុងពិធីលើកទឹកចិត្តដល់សិស្សពូកែ នឹងរំលឹកគុណមាតាបិតា ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០១៩ នៅសាលាបឋមសិក្សាឧត្តរ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើតាមនាយកសាលាបឋមសិក្សាឧត្តរ លោក វ៉ែន សុផល ជាលទ្ធផលចុងឆ្នាំសិក្សាសិស្សជាប់មធ្យមភាគចំនួន ១៤០៤នាក់ ស្រី៧០៣នាក់ ធ្លាក់១៣៨នាក់ ស្រី៤៤នាក់ សិស្សបោះបង់៦នាក់ ស្រី៣ នាក់ សិស្សប្រឡងជាប់ជាសិស្សពូកែ ក្នុងឱកាសនេះមានចំនួនសរុប ៥១នាក់ ស្រី៣៥នាក់។

ស្ថិតក្នុងឱកាសនោះដែរ លោក ឧកញ៉ា ហួត ឈឿន ក្នុងនាមជាសប្បុរសជនជួយអភិវឌ្ឍន៍ក្នុងសាលានោះ បានថ្លែងណែនាំដល់មាតាបិតាសិស្ស សូមឲ្យសហការទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់បុត្រធីតា ដោយជំរុញឲ្យកូនៗ បានធ្វើកិច្ចការផ្ទះ ដែលគ្រូដាក់ឲ្យជាទៀងទាត់ និងលើកទឹកចិត្តកុមារឲ្យស្រឡាញ់ការអានសៀវភៅ និងឱ្យបុត្រធីតាចូលអាន និងខ្ចីសៀវភៅពីបណ្ណាល័យយកទៅអាននៅផ្ទះ ដើម្បីឲ្យពួកគេ ក្លាយទៅជាទម្លាប់អាន នោះកុលបុត្រ កុលធីតារបស់លោកអ្នក នឹងក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាថ្ងៃអនាគត ប្រើប្រាស់ចំណេះដឹងធ្វើឲ្យជីវភាពគ្រួសារធូធារផង នឹងជួយអភិវឌ្ឍដល់សង្គមជាតិយើងផងដែរ៕