(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកការបង្ក្រាបទីតាំងផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង នៅចំណុចផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ ដោយប្រមូលបានគ្រឿងសំអាងខុសច្បាប់ជិត ៣ពាន់គីឡូក្រាម រួមនឹងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញផលិតផល និងសារធាតុគីមីបម្រើឲ្យការផលិតគ្រឿងសំអាងចំនួន១១ប្រភេទ (សម្ភារ សំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតចំនួនប្រមាណ២,៧០០គីឡូក្រាម។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេនៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំង មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕