(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ នឹងប្រារព្ធទិវាបរិស្ថាន នៅតាមទីតាំងចំនួន៦ ក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ស្ដីពីបរិស្ថានរស់នៅ អនាម័យសុខភាព សោភណ្ឌភាពរាជធានី និងចូលរួមយុទ្ធនាការ លើកកម្ពស់បរិស្ថានបៃតង ដល់សាធារណជន ជាពិសេសផ្ដល់គំរូល្អ ក្នុងការថែរក្សាអនាម័យបរិស្ថាន។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុនម៉េងលី ជេ.គួចអេខ្យូខេសិន បានឱ្យដឹងថា គ្រឹះស្ថានអប់រំ Aii & AIS សាខាចោមចៅ នឹងប្រារព្ធទិវាបរិស្ថានដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកបានឱ្យដឹងបន្តថា សកម្មភាពនេះនឹងត្រូវធ្វើឡើង ដើម្បីចូលរួមសម្អាតជុំវិញបរិស្ថាន ជុំវិញកន្លែងយើងរស់នៅ និងណែនាំឱ្យប្រជាពលរដ្ឋ ចេះទុកដាក់ និងចេះចោលសំរាមឱ្យបានត្រឹមត្រូវ។ ការបោះសំរាមពាសវាលពាសកាល ពេលភ្លៀងម្តងៗធ្វើឱ្យសំរាមទាំងនះហូរចូលលូ បណ្តាលឱ្យស្ទះលូ ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា ការប្រារព្ធទិវាបរិស្ថានេះ ក៏ចង់ដាស់តឿនស្មារតីដល់សិស្ស ដើម្បីឱ្យគាត់បន្តដាស់តឿនស្មារតី ដល់ក្រុមគ្រួសារពួកគាត់ ក្នុងការថែរក្សាអនាម័យបរិស្ថានផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងបើអាចទេ ជាការដាស់តឿនសតិអារម្មណ៍ប្រជាពលរដ្ឋ និងតម្រូវការពីរដ្ឋមកវិញ ឱ្យមានធុងសំរាមតាមផ្ទះនីមួយៗ ដើម្បីក្រុមហ៊ុនប្រមូលសំរាមគ្នាមក គ្នាចាក់ទៅ ចៀសវាងកាន់ស្បោងរប៉ាក់រពើក ពេលខ្លះវាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម ធ្វើឱ្យប៉ះពាល់បញ្ហាអនាម័យ សោភ័ណភាពផ្លូវយើង និយាយទៅវាមានបញ្ហាច្រើន។ ទិវាបរិស្ថានេះ យើងចង់ឱ្យប្រជាពលរដ្ឋយើងដឹងលឺច្រើន ដែលពាក់ព័ន្ធនឹងបរិស្ថាននៅស្រុកខ្មែរយើង តាំងពីអនាម័យ និងសណ្តាប់ធ្នាប់»

ជាមួយគ្នានេះ លោក រឿង សុភាព នាយកចាងហ្វាងសាខាចោមចៅ បានបញ្ជាក់ថា ទីតាំងចំនួន៦ ដែលត្រូវយុទ្ធនាការសម្អាតនោះ មានដូចជា អគារ Aii និង AIS សាខាចោមចៅ ដល់រង្វង់មូលចោមចៅ (ផ្លូវវេងស្រេង) ពីរវង្វង់មូលចោមចៅ រហូតដលវិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីស្តុបកប់ស្រូវ ដល់វិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីសណ្ឋាគារ យូអេង, ដល់រង្វង់ចោមចៅ (មហាវិថីសហព័ន្ធរុស្ស៊ី) ពីរង្វង់មូលចោមចៅ ដល់ការ៉ាសសាំង PTT (ផ្លូវជាតិលេខ៣) និងពីក្រុមហ៊ុន ISUZU ដល់ Aii និង AIS (ផ្លូវវេងស្រេង)។

លោកបន្តថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹងស្ដីពី បរិស្ថានរស់នៅ អនាម័យសុខភាព សោភណ្ឌភាពរាជធានីឱ្យកាន់តែប្រសើរ។ អ្វីដែលពិសេសនោះ ដើម្បីចូលរួមថែរក្សាបរិស្ថានបៃតង ដល់សង្គម ឬប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទីក។

លោកក៏បានថ្លែងអំណគុណដល់សាលាក្រុងភ្នំពេញ ដែលបានអនុញ្ញាត្តឱ្យរៀបចំកម្មវិធីនេះឡើង ហើយលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ នៅតំបន់ចោមចៅ ចូលរួមសហការលើកស្ទួយបរិស្ថាន ឱ្យបានប្រសើរទាំងអស់គ្នា៕