(ភ្នំពេញ)៖ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបាននិងកំពុងនៅទីតាំងអគ្គិភ័យបានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ សមត្ថកិច្ចកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងអគ្គិភ័យគេឃើញវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះអគ្គិភ័យនេះ។

គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហាម្សិលមិញមកម្ល៉េះ ដែលផ្តើមឆេះចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាលដាលដល់អាគារចំនួន៣ទៀតនៅជាប់នោះ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដដែលមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕