(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមគម្រោងគឺស្អែកនេះ គឺមានការពិគ្រោះគ្នាថ្នាក់ខ្ពស់ហើយ មិនមានបញ្ហាទេ យើងនឹងដោះស្រាយហើយ កន្លែងហ្នឹងមានការបកស្រាយហួសហេតុពេក គឺថាទេមិនមានអ្វីដែលជាការប្រឈមខ្លាំងក្លាទេ រឿងតូចតាចមួយហ្នឹង»

ការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចែកចាយតគ្នា នូវដំណឹងក្លែងក្លាយដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ នៅពេលដែលកងទ័ពឡាវ និងកម្ពុជា មានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។

ចំពោះបញ្ហានេះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយសម្តេចសង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះ។

បើតាមសម្តេចពិជ័យសេនា បញ្ហាព្រំដែនកម្ពុជា-ឡាវនេះ កើតឡើងដោយសារតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរ បានឃើញដីនោះទំនេរ ក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា៕