(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទី៤ ត្រូវនឹងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ គណៈប្រតិភូព័ត៌មាន Fresh News មកពីប្រទេសកម្ពុជា រួមជាមួយតំណាងស្ថាប័នមកពី ១២ប្រទេសផ្សេងទៀត បានបន្តដំណើរទៅទស្សនាពិធីបង្ហូតទង់ជាតិចិន មជ្ឈមណ្ឌលវប្បធម៌ និងវិទ្យាសាស្ត្រ ទីក្រុងប៉េកាំង ឧទ្យាន និងមជ្ឈមណ្ឌលពិព័រណ៍ចុងហ្គ័នខិន សួនឧស្សាហកម្ម isoft Stone បុរីសិល្បៈ ព្រមទាំងតំបន់មួយចំនួនទៀត។

នាពេលព្រឹក ក្នុងថ្ងៃទី៤ នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូព័ត៌មានល្បីៗដែលរួមមានមកពីប្រទេសកម្ពុជា កាណាដា ឥណ្ឌូនេស៊ី អ៉ីរ៉ង់ អាល្លឺម៉ង់ កេនយ៉ា កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី សេប៊ី ថៃ និងប្រទេសតួកគី បានទៅទស្សនាពិធីបង្ហូតទង់ជាតិរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅទីលានធានអានមិន។

ក្នុងពិធីនោះ គេមានប្រជាជនចិនរាប់ម៉ឺននាក់នៅក្នុងប្រទេសចិន បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិរបស់ពួកគេ អ្នកខ្លះជាភ្ញៀវទេសចរ អ្នកខ្លះជាសិស្សានុសិស្ស និស្សិត ដែលមើលទៅហាក់បង្ហាញពីស្មារតីជាតិនិយមរបស់ប្រជាជន ក្នុងមនសិកាស្រលាញ់ ការពារ លើកស្ទួយទង់ជាតិ ក៏ដូចជាប្រជាជាតិរបស់ពួកគេយ៉ាងក្លៀវក្លា។
កម្មវិធីបង្ហូតទង់ជាតិនេះ ត្រូវបានគេធ្វើឡើងជារៀងរាល់ថ្ងៃ នៅទីលានធានអានមិន។

បន្ទាប់ពីទស្សនាពិធីបង្ហូតទង់ជាតិចិនរួចមក គណៈប្រតិភូព័ត៌មានល្បីៗទាំង១៣ប្រទេស បានទៅទស្សនាមជ្ឈមណ្ឌលពិព័រណ៍វិទ្យាសាស្ត្រ ចុងហ្គ័នខិន (Zhongguancun) ដែលនៅទីនោះមានតាំងពិព័រណ៍ពីម៉ាស៊ីនទំនើបៗចុងក្រោយ មានដូចជា មាស៊ីនបកប្រែភាសាពីភាសាចិន ទៅអង់គ្លេស ដែលមានសមត្ថភាពបកប្រែលឿនមែនទែន ម៉ាស៊ីនស្គេនមុខ ដែលមានសមត្ថភាពកំណត់អត្តសញ្ញាណមនុស្សបានដោយស្វ័យប្រវត្តិ និងជឿជាក់បាន ក្នុងន័យពង្រឹងបញ្ហាសន្តិសុខក្នុងប្រទេសចិន។

ក្រៅពីនោះ មានរថយន្តបើកបរដោយស្វ័យប្រវត្តិដ៏ទំនើប គ្រឿងបរិក្ខាវេជ្ជសាស្ត្រ ដែលមានសមត្ថភាពវះកាត់យ៉ាងងាយស្រួលជាងបច្ចេកវិទ្យាបច្ចុប្បន្ន ប្រើពេលរហ័សជាង កាត់បន្ថយការឈឺចាប់ និងការបាត់បង់ឈាមច្រើន។ សម្ភារបច្ចេកវិទ្យាដែលដាក់តាំងពិព័រណ៍ក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានគេជឿជាក់ថា ជាកត្តាដ៏សំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។

បន្ទាប់មក គណៈប្រតិភូព័ត៌មានទាំង១៣ប្រទេសខាងលើ បានទៅទស្សនាឧទ្យានចុងហ្គ័នខិន (Zhongguancun Software Park) ដែលប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាចុងក្រោយគ្រប់វិស័យ ទាំងវិស័យសុខាភិបាល សាធារណការ និងដឹកជញ្ជូន វិទ្យាសាស្ត្រ សន្តិសុខ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រឿងយន្តជាដើម។

នៅក្នុងឧទ្យានចុងហ្គ័នខិននេះ ក៏មានតំបន់រោងចក្រផលិត និងគ្រប់ទិន្នន័យក្នុងរលកធាតុអាកាសមួយឈ្មោះថា «isoft Stone»។ វាដូចជាទីក្រុងវៃឆ្លាតដ៏ធំមួយរបស់ទីក្រុងប៉េកាំង ដែលគ្រប់គ្រងដោយក្រុមហ៊ុន Isoft Stone ដើម្បីគ្រប់គ្រង តាមដាននវានុវត្តន៍ថ្មីៗលើវិស័យនានា។ ភាពអស្ចារ្យរបស់វា គឺច្បាស់លាស់លើឯកទេសផ្ទុកទិន្នន័យក្នុងរលកធាតុអាកាស (Cloud) និងបញ្ញាសប្បនិម្មិត (AI) ដែលផ្តោតលើមនុស្សយន្តជាដើម។

iSoft Stone ក៏ជាកន្លែងផលិត និងគ្រប់គ្រង Software លំដាប់ពិភពលោក ដោយបានផ្ដល់សេវាកម្មទៅដល់ក្រុមហ៊ុនជាង ១ពាន់ក្រុមហ៊ុន នៅក្នុងប្រទេស និងក្រៅប្រទេស ដូចជាទិន្នន័យដែលមាននៅលើទូរស័ព្ទដៃ Huwei កម្មវិធីកម្សាន្ត Tik Tok និងអ្វីៗផ្សេងទៀត។ ក្នុងចំណោមក្រុមហ៊ុនទាំងជាង ១ពាន់នោះ មានប្រមាណ៩០ក្រុមហ៊ុន សុទ្ធតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក។

នៅក្នុងឧទ្យានចុងហ្គ័នខិនដដែល ក្រុមគណៈប្រតិភូក៏បានទៅទស្សនានៅបុរីសិល្បៈមួយរបស់ទីក្រុងប៉េកាំង មានប្រមូលផ្តុំទៅដោយសិល្បៈ វប្បធម៌ គំនូរ ដែលត្រូវបានគេប្រសិទ្ធនាមថា «ទីក្រុងសិល្បៈ City of Art»។

ពាក់ព័ន្ធនឹងបុរីសិល្បៈនេះ កាលពីជាង២០ឆ្នាំមុន តំបន់នេះគឺជាសួនឧស្សាហកម្មមួយដែលពោរពេញទៅដោយផ្សែង ប៉ុន្តែនៅឆ្នាំ២០០៣ ទីក្រុងប៉េកាំង បានចាប់ផ្តើមរៀបចំកែប្រែតំបន់នេះមកជាតំបន់ឧស្សាហកម្មគ្មានផ្សែងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទស្សនា ដោយគេបានរើរោងចក្រឧស្សាហកម្មទាំងនោះ ទៅតាំងនៅតាមបណ្ដាខេត្តនានាវិញ ក្នុងគោលបំណងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០០៨។

នៅពេលចប់ព្រឹត្តិការណ៍នេះ គេបានរៀបចំតំបន់នោះទៅជាកន្លែងសិល្បៈ វប្បធម៌ដ៏ទាក់ទាញ ក្នុងនោះមានទាំងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ កន្លែងពិព័រណ៍ ហាងលក់គំនូរ ដែលមានតាំងស្នាដៃរបស់វិចិត្រករពីកាហ្សូដ៏ល្បីល្បាញ។

មិនតែប៉ុណ្ណោះ គណៈប្រតិភូព័ត៌មានទាំង១៣ប្រទេស បានទៅទស្សនាសាលតាំងពិព័រណ៍សិល្បៈសហសសម័យ ដែលផ្តោតសំខាន់ទៅលើការកែច្នៃ និងការរចនាប្រកបដោយគំនិតច្នៃប្រឌិតលើគ្រឿងសង្ហារិម មានទាំងកៅអី តុ ទូ ដោយយកចិត្តទុកដាក់លើសោភ័ណភាព ផាសុកភាពជាដើម។

ក្រោយមកទៀត គណៈប្រតិភូព័ត៌មានទាំង១៣ប្រទេសខាងលើ ក៏បានទៅដល់អតីតស្ថានីយរថភ្លើងមួយ ដែលត្រូវបានប្រែក្លាយមកជាហាងកាហ្វេមួយដ៏ល្បីល្បាញមួយ និងជាកន្លែងពិព័រណ៍ម៉ូតូធំជំនាន់មុន (Classic)។ ទន្ទឹមនឹងការទស្សនាការតាំងពិព័រណ៍ម៉ូតូ និងការជជែកតថ្លៃម៉ូតូជាមួយគ្នា អតិថិជន និងភ្ញៀវទេសចរក៏អាចទទួលទានកាហ្វេ ភេសជ្ជៈ គ្រឿងសុរាជាដើម នៅលើទូរថយន្តភ្លើងកាលពីសម័យមុនតែម្ដង។

ដំណើរទស្សនកិច្ចខាងលើនេះ ក៏បានបន្តទៅដល់សារមន្ទីរមួយដែលបង្ហាញពីការផលិតឧស្ម័ន ពីព្រោះដើមឡើយកន្លែងនេះក៏ជារោងចក្រផលិតឧស្ម័នមួយដ៏ធំ ប៉ុន្តែវាត្រូវបានគេរៀបចំជាសារមន្ទីរបង្ហាញពីការផលិតឧស្ម័ន ផ្ដល់ទស្សនីយភាពប្លែកជូនភ្ញៀវទេសចរ និងគណៈប្រតិភូព័ត៌មានទាំង១៣ប្រទេសនោះ។

ដំណើរទស្សនកិច្ចក្នុងថ្ងៃទី៤ ក៏ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ និងទទួលបានចំណេះដឹងជាច្រើនពីតំបន់នីមួយៗនៅក្នុងរដ្ឋធានីប៉េកាំង៕