(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់បន្ទប់ពិសោធន៍បណ្ដាញកំព្យួទ័រដែលមានតម្លៃជាង៤០ម៉ឺនដុល្លារអាមេរិក និងជាជំនួយរបស់ក្រុមហ៊ុនមិត្តហ្វូន 

រដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក សម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់ពិសោធន៍បណ្តាញកុំព្យួទ័រ របស់វិទ្យាស្ថានជាតិ NIPTICT

(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់ពិសោធន៍បណ្តាញកុំព្យួទ័រ របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT)។

បន្ទប់ពិសោធន៍បណ្តាញកុំព្យួទ័រ (Networking Lab) ត្រូវបានបង្កើតដោយប្រើប្រាស់មូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund) និងក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុនវៀតថែល (មិត្តហ្វូន)។

បន្ទប់ពិសោធន៍នេះ នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យាបណ្តាញកុំព្យួទ័រ និងអ៉ីនធើណេត របស់វិទ្យាស្ថានជាតិ NIPTICT ដែលអនុញ្ញាតិឱ្យនិស្សិតទទួលបាននូវ ចំណេះធ្វើជាក់ស្តែងក្នុងការតម្លើង ថែទាំ និងគ្រប់គ្រងបណ្តាញកុំព្យួទ័រ និងប្រព័ន្ធអ៉ីនធើណេត។ មិនត្រឹមតែប៉ុណ្ណោះ បន្ទប់ពិសោធន៍នេះនឹងរួមចំណែកជួយបង្កើនចំណេះធ្វើ ដល់និស្សិតរបស់វិទ្យាស្ថានជាតិ NIPTICT ដើម្បីអាចអោយពួកគេមានជំនាញពិតប្រាកដនឹងឆ្លើយតប តាមតម្រូវការទីផ្សារជំនាញ នៅកម្ពុជា។

លោក ត្រាំ អ៉ីតឹក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមចំណែកសម្រាប់វិស័យអប់រំ ជាពិសេសនិស្សិតទាំងអស់នឹងក្លាយជាកម្លាំងពលកម្មដ៏មានសក្តានុពលសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឧស្សាហកម្មជំនាន់ ៤.០នេះផងដែរ»។

លោក Phung Van Cuong នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បានប្តេជ្ញានឹងបន្តរក្សាការវិនិយោគទៅលើវិស័យអប់រំ ហើយលើសពីនេះក្រុមហ៊ុនមិត្តហ្វូន បាននិងកំពុងរៀបចំអនុវត្តន៍គម្រោងផ្សេងៗទៀត សម្រាប់ការជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាល ដូចជាគម្រោងសម្រាប់ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅកម្ពុជាដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិ NIPTICT ផ្តល់ការបណ្ដុះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តន៍ឧស្សាហកម្មទី៤។ វិទ្យាស្ថានជាតិ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT ផងដែរ៕