(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ បានឱ្យដឹងថា ភាគីទាំងពីរឯកភាពថានឹងខិតខំពង្រីកទំហំពាណិជ្ជកម្ម ឲ្យសម្រេចបានចំនួន ៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានធ្វើជាសហប្រធានជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី១៧ (17th JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មវិញ ភាគីកម្ពុជា-វៀតណាម បានឯកភាពថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ អាចនឹងសម្រេចបានចំនួន៥ប៊ីលានដុល្លារអាមេរិក (៥ពាន់លានដុល្លារ) នៅឆ្នាំ២០២០ ហើយដែលអាចកើនលើស គោលដៅដែលបានរំពឹងទុក។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីជំរុញការវិនិយោគទ្វេភាគី ដោយស្របទៅតាមច្បាប់ ស្តីពីការវិនិយោគ និងច្បាប់ពាក់ព័ន្ធដទៃទៀត របស់ប្រទេសទាំងសងខាង និងពន្លឿនការបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន ដែលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ។

ភាគីទាំងពីរបានឯកភាព ធ្វើឱ្យដំណើរការឡើងនូវកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ មានដូចជា វេជ្ជសាស្ត្រ ផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិច យានយន្ត និងបានឯកភាពជំរុញការវិនិយោគកសិ-ឧស្សាហកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សូមបញ្ជាក់ថា ៥ខែដំបូងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា-វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង២,៣០០លានដុល្លារអាមេរិក ខណៈដែល ៥ខែដំបូងឆ្នាំ២០១៨ មានតែប្រមាណ ២,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺមានការកើនឡើងប្រមាណ ៣០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់គយវៀតណាម។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅ៥ខែដំបូងឆ្នាំ២០១៩នេះ ចាប់ពីខែមករា ដល់ខែឧសភាកន្លងទៅ កម្ពុជាបាននាំចេញទៅវៀតណាមសម្រេចបានជាង៥៦០លានដុល្លារអាមេរិក ពោលគឺបានកើនឡើងជាង៦០លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ នៅ៥ខែដូចគ្នានេះដែរ វៀតណាម ក៏បាននាំចូលមកកម្ពុជាវិញ មានជាង ១,៧០០លានដុល្លារអាមេរិកឯណោះ ដែលបានកើនឡើងខ្ពស់ជាង៥ខែដំបូង កាលពីឆ្នាំ២០១៨ ប្រមាណជាង២៨០លានដុល្លាអាមេរិក។

ក្នុងនោះ ផលិតផលសំខាន់ៗដែលវៀតណាម នាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ រីឯផលិតផល ដែលកម្ពុជានាំចេញទៅវៀតណាមវិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម សម្រេចបានដល់ ជាង ៤,៦០០លានដុល្លារអាមេរិក កើនឡើងជាង២៣% ធៀបនឹងឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជា មានប្រមាណ ៣,៧០០លានដុល្លារអាមេរិក ខណៈកម្ពុជានាំទៅវៀតណាមមានតែប្រមាណ ១,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ៕