(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារអាហារថ្ងៃត្រង់ ជាមួយលោក ណូរីខាហ្សឺ ស៊ឺហ្សឺគី (Norikazu Suzuki) អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន ដោយមានការចូលរួមពីសំណាក់លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងសហការីផងដែរ។

ជំនួបពិភាក្សានេះ ជាកិច្ចសន្ទនាបន្តពីជំនួបពិភាក្សាអាហារពេលល្ងាច ដែលលោកអនុរដ្ឋមន្ត្រីបា នរៀបចំជូនលោក សុខ ចិន្តាសោភា និងសហការី នៅទីក្រុងតូក្យូ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរយោបល់អំពីកិច្ចជំរុញការវិនិយោគជប៉ុនមកកាន់កម្ពុជា។

នៅក្នុងឱកាសនេះ លោក សុខ ចិន្តាសោភា បានរៀបចំអាហារប្រពៃណីខ្មែរ ជាពិសេសនំបញ្ចុកសម្លខ្មែរ ជូនលោកអនុរដ្ឋមន្ត្រី និងសហការីសាកភ្លក្សរសជាតិ។

លោក សុខ ចិន្តាសោភា បានជម្រាបជូនលោកអនុរដ្ឋមន្ត្រី និងសហការី ពីការព្យាយាម និងការតាំងចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ដល់អ្នកវិនិយោគជប៉ុននៅកម្ពុជា ក្នុងក្របខណ្ឌវិធានការកំណែទម្រង់ មុតស្រួចទាំង១៧ចំណុច ដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក។

ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការដាក់ចេញនូវវិធានការកំណែទម្រង់ខាងលើ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងបានសន្យាថា នឹងជំរុញឱ្យមានការវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។

លោកក៏បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើកិច្ច សម្រួលពាណិជ្ជកម្មតាមច្រកព្រំដែន ជាពិសេសច្រកស្ទឹងបត់នៃខេត្តបន្ទាយមានជ័យ សំដៅទាក់ទាញការវិនិយោគជប៉ុនបន្ថែមទៀត៕