(រតនគិរី)៖ ដោយសារមួយរយៈនេះ មានឈ្មួញដីជាជនជាតិអារ៉ាប់ ជនជាតិវៀតណាម និងជនជាតិចិនសម្រុកទៅទិញដីនៅខេត្តរតនគិរី សម្រាប់ដំណាំកសិកម្មផ្សេងៗនោះ ឈ្មួញខ្មែរក្នុងខេត្ត និងឈ្មួញបរទេសទាំងនោះ ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការទិញ-លក់ដីព្រៃសហគមន៍ ដីព្រៃបំរុងរបស់រដ្ឋដោយតម្លៃថោកៗ ហើយដាក់គ្រឿងចក្រចូលឈូសឆាយ ក្រោមរូបភាពទិញពីមេសហគមន៍តិចតូច រួចបង្ខិតវាតទីយកដីក្នុងមួយកន្លែងរាប់រយហិកតា ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានផងដែរ។

ជាក់ស្តែងកន្លងមកថ្មីៗនេះ អាជ្ញាធរស្រុកវ៉ើនសៃ បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃសហគមន៍ជាច្រើនរយហិកតា នៅចំណុចអូរកន្សែង ភូមិទៀម ក្រោមឃុំភ្នំកុក ដែលគ្រឿងទាំងនោះ គេដឹងថា ជារបស់ក្រុមហ៊ុន ហេង ដារ៉ា ក្រោមលេសឈូសឆាយយកដីដាំស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់រដ្ឋបាលស្រុកវើនសៃ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ហេង សាវឿន អភិបាលស្រុកវើនសៃ ប្រាប់អ្នកកាសែតក្នុងខេត្តរតនគិរី។

បើតាមមន្ត្រីជាន់ខ្ពស់នៅខេត្តរតនគិរីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា ការលក់-ទិញដូរដីព្រៃរបស់រដ្ឋ គឺគ្មានបុគ្គល ណាម្នាក់មានសិទ្ធិចាត់ចែង លក់-ដូរបានឡើយ, ដំណើរទិញ-លក់បានប្រព្រឹត្តទៅពីបុគ្គលមួយចំនួន ដែលអះអាងថាជាតំណាងសហគមន៍ ហើយមានការបញ្ជាក់ពីអាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ-ស្រុក ដោយមិនមានការដឹងឮពីអាជ្ញាធរខេត្តឡើយ។ ក្រោយពីមានការទិញ-លក់រួចហើយ ភាគីអ្នកទិញបានបានចាប់ផ្តើមដំណើរការ កាប់រានឈូសឆាយដោយជួលប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដាក់គ្រឿងចក្រធ្វើសកម្មភាព ក្នុងរូបភាពកិច្ចសន្យា (អាប៊ុល,អេស្កាវ៉ាទ័រ)។

ទាក់ទិនទៅហ្នឹងសកម្មភាពទិញ-លក់ដីព្រៃរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយគ្មានការទប់ស្កាត់ពីមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធនេះដែរ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរីបានទេ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ៕