(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែសីហាដោយបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ បៃលូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីបញ្ហាអាកាសធាតុយ៉ាងដូច្នេះថា៖

១៖ ចាប់ពីថ្ងៃទី២២ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែសីហា៖
* បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃមេឃមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។
* បណ្តាខេត្តចាប់ពីតំបន់វាលទំនាប់ភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។
* បណ្តាលរាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕