(ភ្នំពេញ)៖ បុរសជនជាតិចិនស្រវឹងស្រា បើករថយន្តលឿនដូចហោះ ទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើម តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AK-6983 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា និងមានគ្នីគ្នា២នាក់ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចយ៉ាងខ្ទេចចំនួន៤ផ្ទាំង និងបបណ្ដាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម។ ចំណែកឯរថយន្ដវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច រីឯអ្នកបើកបរខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនដឹកយកទៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសាកសួរផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕