(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តឡើងស្ពានលឿន ជ្រុលបុករះរបាំងថ្មទ្រូងផ្លូវ រលំ៣ផ្ទាំង បណ្ដាលអ្នកបើកបររថយន្តរងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចលើស្ពានអាកាសតិចណូ។

ប្រភពព័ត៌មានពីគូដណ្ដឹងរបស់បុរសរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានប្រាប់គូដណ្ដឹងរបស់ខ្លួនថា គាត់មានអាការឈឺក្បាលរាងវិលមុខ ស្របពេលដែលបុរសខាងលើកំពុងតែបើករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ ទឹក ប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AL-7284 លុះមកដល់ចំណុចកើតហេតុបានបើករថយន្តឡើងស្ពានអាកាសតិចណូ ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុករះរបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យរលំរបាំងថ្មអស់ចំនួន៣ផ្ទាំង រងការខូចខាតយ៉ាងដំណំ។

ចំណែកឯរថយន្ដវិញខ្ទាតជាង១០ម៉ែត្រ រងការខូចខាតដាច់កង់ខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនោះអ្នកបើករថយន្ដខាងលើត្រូវបាន រថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕