(ប៉េកាំង)៖ គណៈប្រតិភូព័ត៌មាន Fresh News របស់កម្ពុជា រួមដំណើរជាមួយស្ថាប័នព័ត៌មានល្បីៗមកពី១២ប្រទេសផ្សេងទៀត បានបន្តដំណើរទស្សនកិច្ចក្នុងថ្ងៃទី៣របស់ខ្លួន ទៅដល់មជ្ឈមណ្ឌលថែទាំចាស់ជរា សាលមហោស្រពសិល្បៈ វប្បធម៌ និងសាលពិព័រណ៍ ព្រមទាំងកន្លែងទេសចរណ៍មួយចំនួនទៀតនៅទីក្រុងប៉េកាំង។

ដំបូងឡើយ គណៈប្រតិភូព័ត៌មានខាងលើ បានទៅដល់មជ្ឈមណ្ឌលសម្រាប់អ្នកស្ម័គ្រចិត្តជួយមនុស្សចាស់ជរា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០។ នៅក្នុងមជ្ឈមណ្ឌលនេះ គេបានផ្ដល់ឱកាសឱ្យយុវជនស្ម័គ្រចិត្តបង្រៀនមនុស្សចាស់ អំពីការប្រើប្រាស់ទូរស័ព្ទដៃទំនើប (Smart Phone) និងបច្ចេកវិទ្យានានានៅលើទូរស័ព្ទ ដូចជាការប្រើប្រាស់អ៉ីនធឺណេតជាដើម។

ក្រៅពីនេះ យុវជនស្ម័គ្រចិត្តក៏ជួយបង្រៀនអំពីការប្រគំភ្លេង ដេរប៉ាក់ គូរគំនូរ ម៉ាស្សា ផលិតឱសថសម្រួលសរសៃ និងមានសកម្មភាពបង្រៀនផ្សេងៗទៀត ដល់ជនចាស់ជរានៅក្នុងមជ្ឈមណ្ឌលនោះផងដែរ។

តាមការឱ្យដឹងពីមគ្គទ្ទេសក៍ ដែលអមដំណើរជាមួយគណៈប្រតិភូព័ត៌មាននាពេលនោះ បានឱ្យដឹងថា នៅក្នុងមជ្ឈមណ្ឌលនេះមានអ្នកស្ម័គ្រចិត្តទាំងអស់សរុប ១៧,៨៩៥នាក់ បើគិតជាម៉ោងធ្វើការមានចំនួនសរុបជាង ១,៤០០,០០០ម៉ោងហើយ ក្នុងអំឡុងរយៈពេលជិត១០ឆ្នាំមកនេះ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០១០ មកម្ល៉េះ។

បន្ទាប់មក គណៈប្រតិភូអន្តរជាតិទាំង១៣ប្រទេស ដែលមានលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News រួមជាមួយសហការីផងនោះ ក៏បានបន្តដំណើរទៅដល់មជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ «ស៊ីចាហៃ» ឬហៅថា Shichahai Culture Exhibition Center ដែលមានសាលពិព័រណ៍ធំៗដល់ទៅ ៦សាល។ ក្នុងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌នេះ មានតាំងពិព័រណ៌វត្ថុបុរាណជាង១០០ប្រភេទ ដែលបានឆ្លុះបញ្ចាំងពីការរស់នៅ វប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់ស៊ីចាហៃនេះ។

មជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ ស៊ីចាហៃ បាននិងកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ដោយសារវានៅអាចអភិរក្សបាននូវតម្លៃវប្បធម៌ ប្រពៃណី និងសំណង់អគារចាស់ៗ រួមជាមួយការកែច្នៃតុបតែងលម្អអគារទាំងនោះប្រកបដោយភាពទាក់ទាញឡើងវិញ ដើម្បីធ្វើជាតូបលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានជាដើម។

នៅក្នុងតំបន់ស៊ីឆាហៃនេះទៀតសោត ក៏មានសួនកម្សាន្តដ៏ស្រស់ស្អាតមួយ មានទឹកហូរកាត់នៅចំកណ្ដាលសួនតែម្ដង រំលេចបាននូវផ្ទាំងទស្សនីយភាពបែបធម្មជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់ ហើយអាចជិះទាយន្តកម្សាន្តនៅលើផ្ទៃទឹកនោះបានផងដែរ។

នៅទីនោះក្រុមគណៈប្រតិភូទាំង១៣ប្រទេស ក៏បានចូលទទួលទានអាហារថ្ងៃត្រង់នៅក្នុងភោជនីយដ្ឋានដ៏ល្បីមួយដែលមានអាយុកាលជាង១៧០ឆ្នាំ និងមានអ្នកគ្រប់គ្រងរហូតដល់៧ជំនាន់។ អាហារដែលគណៈប្រតិភូចាប់អារម្មណ៍ជាងគេនោះគឺសាច់អាំងបុរាណរបស់ចិន (BBQ បុរាណ) ដែលអាំងនៅក្នុងបន្ទះថ្មធំមួយ ដោយអ្នកអាំងឈរអាំងជុំវិញ។

បន្ទាប់ពីទស្សនាមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ស៊ីចាហៃ និងទទួលទានអាហារថ្ងៃត្រង់រួចហើយ គណៈប្រតិអន្តរជាតិទាំង១៣ប្រទេសខាងលើ បានទៅដល់សារមន្ទីរ «ហ៊ូតុង» ដែលមានសាលពិព័រណ៍ដល់ទៅ ៨សាល ក្នុងនោះមានការតាំងពិព័រណ៍កុលភាជន៍ និងសម្ភារៈប្រើប្រាស់របស់មនុស្សជំនាន់បុរាណជាច្រើនសម្បូរបែប។

នៅក្នុងសារមន្ទីរនេះដែរ ក៏មានសាលតន្ត្រីដ៏ល្អវិចិត្រមួយ ដែលមានតម្កល់ឧបករណ៍ភ្លេងដល់ទៅ ៧០ប្រភេទ ប៉ុន្តែសំឡេងរបស់វាសុទ្ធតែខុសៗគ្នាទាំងអស់ ហើយសុទ្ធតែជាឧបករណ៍ភ្លេង ដែលគេយកទៅប្រគំជាមួយបទចម្រៀងល្បីៗ នាសម័យក្រុងប៉េកាំងបុរាណនោះ។ ត្រង់ចំណុចនេះ គឺពិតជាមានភាពអស្ចារ្យ និងមិនគួរឱ្យជឿសោះថា នៅទីក្រុងប៉េកាំងពីបុរាណ មានឧបករភ្លេងដែលមានសំឡេងខុសៗគ្នាដល់ទៅ៧០ប្រភេទ។

បន្តនូវភាពជក់ចិត្តថែមទៀត ជាមួយនឹងការបន្តទៅទស្សនាមហោស្រពសិល្បៈ និងការសម្ដែងល្ខោនបុរាណប្រចាំទីក្រុងប៉េកាំង ដែលមានអាយុកាលជាង៨០០ឆ្នាំមកហើយ។ ចំពោះការសម្ដែងល្ខោនបុរាណនេះត្រូវបានគេដឹងថា មានរួមបញ្ចូលគ្នានូវល្ខោនរបស់ជាតិសាសន៍ចំនួន៣ ក្នុងនោះមាន ចិន ឥណ្ឌា និងក្រិច។

ក្រុមសិល្បករដែលចូលរួមសម្ដែងក្នុងល្ខោននេះ មានឈ្មោះថា «ហ្វឹងឡី» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៧ ហើយមកដល់បច្ចុប្បន្ននេះ ក្រុមល្ខោនហ្វឹងឡី ត្រូវបានគេអញ្ជើញឱ្យទៅសម្ដែងនៅតាមប្រទេសមួយចំនួន ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី ជប៉ុន អូស្ត្រាលី ហ្វាំងឡង់ ស៊ុយអែត កាណាដា អេស្បាញ អេស្តូនី ម៉ាឡាស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀត ពោលគឺមានភាពល្បីល្បាញមែនទែន ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់របស់ក្រុមសិល្បករនីមួយៗ។

វាពិតជាគួរទាក់ទាញខ្លាំងណាស់ សម្រាប់ល្ខោនបុរាណមួយនេះ ពីព្រោះអាចសម្ដែងឡើងដោយការច្របាច់បញ្ចូលគ្នារវាងសិល្បៈរបស់ប្រជាជាតិបីផ្សេងគ្នា ដែលសុទ្ធតែធ្លាប់មានអរិយធម៌សុះសាយរុងរឿងដូចគ្នាតាំងពីបុរាណកាល។ ដោយភាពអស្ចារ្យនេះហើយ បានជានៅរៀងរាល់ថ្ងៃ តែងតែមានមនុស្សមកតម្រង់ជួរគ្នា ចូលទស្សនាល្ខោនយ៉ាងកុះករ។

អ្វីដែលពិសេសជាងនេះ គឺនៅក្នុងសាលមហោស្រពសិល្បៈល្ខោននេះ ក៏មានអាហារដ្ឋានលក់ម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱ្យភ្ញៀវទេសចរទទួលទាន ក្នុងពេលទស្សនាល្ខោនផងដែរ។ អាហារនៅទីនោះមានរសជាតិឈ្ងុយឆ្ងាញ់ ទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរ ពិសេសគឺវាមានប្រវត្តិបង្កើតឡើងគួរឱ្យចាប់អារម្មណ៍។

មិនត្រឹមតែមានឱកាសបានទស្សនាការសម្ដែងល្ខោនដ៏ជក់ចិត្តខាងលើនេះប៉ុណ្ណោះទេ គណៈប្រតិភូព័ត៌មានចម្រុះជាតិសាសន៍ខាងលើ ក៏បានសិក្សាអំពីតម្លៃនៃសិល្បៈបុរាណចិន ដែលទីក្រុងប៉េកាំងបានខិតខំអភិរក្សរហូតដល់សព្វថ្ងៃ ព្រមទាំងមានឱកាសបានថតរូបជាមួយក្រុមសិល្បករ «ហ្វឹងឡី» ដ៏ល្បីល្បាញនោះផងដែរ៕