(ភ្នំពេញ)៖ យ៉ាងហោចណាស់សម្ភារការិយាល័យចំនួន៥ប្រភេទ ដែលគិតជាទឹកប្រាក់បប្រមាណ៥ម៉ឺនដុល្លារអាមេរិក ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្ដល់ជូនដល់សាលាខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់កិច្ចការងារការិយាល័យកាន់តែឆាប់រហ័ស។

ពិធីប្រគល់សម្ភារការិយាល័យនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំកម្ពុជា ក្រោមអធិបតេយ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សម្ភារការិយាល័យទាំងនោះរួមមាន៖ ម៉ាស៊ីនថតចម្លងខ្នាតធំ ចំនួន៥គ្រឿង, កុំព្យូទ័រលើតុ ចំនួន៣០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន៣០គ្រឿង, ម៉ាស៊ីនព្រីនធឺកូល័រ ចំនួន១០គ្រឿង និងម៉ាស៊ីនព្រីនធឺ ចំនួន៣០គ្រឿង។

នៅក្នុងឱកាសនេះផងដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាចូលរួមសោកស្ដាយចំពោះគ្រោះទឹកជំនន់ដែលបានកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋ៕