(ភ្នំពេញ)៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំកម្ពុជា ទើបចប់អាណត្តិ បានបង្ហាញក្តីរំភើប នៅមុខឯកអគ្គរាជទូត អគ្គរដ្ឋទូត និងសាធារណជននានា ដោយបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោក និងភរិយាបានមកបំពេញ ការងារការទូតនៅកម្ពុជា វាគឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់លោក ដែលបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ឥតឈប់ឈរ ជាពិសេសគឺទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ការបង្ហាញក្តីរំភើបរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានរៀបចំ ពិធីជប់លៀងក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា រយៈពេល៣ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត អគ្គរដ្ឋទូតរបស់ប្រទេសជាមិត្តនៅកម្ពុជា យ៉ាងច្រើនផងដែរ។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា គឺឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលមានប្រជាប្រិយមួយរូបនោះ បានបញ្ជាក់ក្តីរំភើបយ៉ាងដូច្នេះថា៖ «ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងដោយសារខ្ញុំពុំបានរំពឹងទុកថា នឹងមានភ្ញៀវកិត្តិយសចូលរួមកម្មវិធីនេះច្រើនបែបនេះទេ។ ពេលវេលាពិតជាដើរលឿន។ ប្រមាណ៣ឆ្នាំកន្លងផុតទៅ ក្រោយពេលខ្ញុំ និងភរិយាបានមកដល់រាជធានីភ្នំពេញនាឆ្នាំ២០១៦។ ៣ឆ្នាំនេះ គឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់យើងខ្ញុំទាំងពីរ»។

ក្នុងឱកាសនោះដែរលោក បានឱ្យដឹងថា ប្រទេសកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ៧ភាគរយជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងទ្វេភាគី រវាងជប៉ុន និងកម្ពុជា ក៏មានសន្ទុះឈានទៅមុខយ៉ាងខ្លាំងផងដែរ។ ទាំងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគផ្ទាល់ និងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ លោកក៏បានចូលរួមពិធីសម្ពោធផ្សេងៗ នៃគម្រោងជំនួយអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ដូចជាការជួសជុលស្ពានជ្រោយចង្វារជាដើម។
ចំណែកទំនាក់ទំនងក្នុងវិស័យនយោបាយវិញ លោកបានបន្ថែមទៀតថា លោកមានភ័ព្វសំណាងដែលបានចូលរួមកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា រវាងនាយករដ្ឋមន្ត្រីជប៉ុន អាបេ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៣លើក ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបញ្ជាក់ថា ប្រទេសជប៉ុន បាននឹងកំពុងចូលរួមចំណែកក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ រដ្ឋាភិបាលបានបន្តផ្តល់ជំនួយដល់កំណែទម្រង់ការបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោតឆ្នាំមុន យើងបានចាប់ផ្តើមកម្មវិធី ដើម្បីអញ្ជើញយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយមកពីស្ថាប័ននានា ទៅស្វែងយល់ពីបទពិសោធន៍ នៅប្រទេសជប៉ុន។ ម្យ៉ាងវិញទៀត លោកផ្ទាល់ក៏ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដែរ តាមរយៈបណ្តាញទំនាក់ទំនង សង្គមនៅកម្ពុជា។ ជាក់ស្តែង ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន បានទទួលការគាំទ្រ និងមតិយោបល់ល្អៗជាច្រើនពីប្រជាជនកម្ពុជាគ្រប់វ័យ៕