(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ០៤ខ្សែ ប្រវែង១,១២០ម៉ែត្រ នឹងដាក់ប្រព័ន្ធលូរំដោះទឹក ចំនួន ០២ខ្សែ ប្រវែង ២៦២ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយភាពរីករាយ និងស្និទស្នាល។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង មន្ត្រីរាជការ ក្នុងខណ្ឌ-សង្កាត់-ភូមិ យ៉ាងច្រើនផងដែរ។

ផ្លូវបេតុង និងប្រព័ន្ធលូដែលត្រូវបានបើកការដ្ឋានស្ថាបនារួមមានទី១៖ ផ្លូវបេតុង ប្រវែង ៤២០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា, ទី២៖ ផ្លូវបេតុង ប្រវែង ៣០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា, ទី៣៖ ផ្លូវបេតុង ប្រវែង ១៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិខ្វា, ទី៤៖ ផ្លូវបេតុង ប្រវែង ២៥០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិបាគូ, ទី៥៖ ដាក់ប្រព័ន្ធលូរំដោះទឹក ប្រវែង ១១៦ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី និងទី៦៖ ដាក់ប្រព័ន្ធលូរំដោះទឹក ប្រវែង ៩៦ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាឡី។

សម្រាប់ការបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវវិញ លោកអភិបាលខណ្ឌ បានរៀបចំមិនលោះថ្ងៃនោះឡើយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន សម្រាប់ធ្វើដំណើរទៅមក ប្រែក្លាយពីស្ថានភាពដ៏លំបាក ទឹកលិច ភក់ជ្រាំ មកជាផ្លូវបេតុង និងកៅស៊ូជាដើម។

ក្រៅពីការលើកឡើងចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។

បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕