(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីជំរុញអនុវត្តផ្ដោតសំខាន់ លើការស្រាវជ្រាវករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន្ដ ដែលបានប្រព្រឹត្តឡើងនៅសាលាខណ្ឌឫស្សីកែវ ពេញមួយព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស សំណាង ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ នាយប៉ុស្ដិ៍រដ្ឋបាល និងអាជ្ញាធរសង្កាត់-ភូមិផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ស សំណាង បានធ្វើរបាយការណ៍ជំរាបជូនដោយសង្ខេបលើកការងារគ្រប់គ្រងជនអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញ ដែលក្រុមការងារជំនាញ ប្រើប្រាស់ក្រមនីតិវិធីរបស់ខ្លួន ក្នុងការចុះធ្វើការស្រាវដល់មូលដ្ឋានផ្ទាល់ ដើម្បីស្វែងរកការពិត ចំពោះករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន្ដឃើញថា សម្រេចបានជោគជ័យយ៉ាងល្អប្រសើរ ជាបណ្ដើរៗហើយ សម្រាប់ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ឯក ហែម ថេង បានថ្លែងអំណរគុណចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយភាពរលូន ព្រោះបើត្រឹមអគ្គនាយកដ្ឋាន អន្តោប្រវេសន៍មួយ មិនអាចទទួលបានជោគជ័យនោះទេ ក្នុងការគ្រប់គ្រងជនអន្តោប្រវេសន្ដ និងការស៉ើបអង្កេតលើករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន្ដ លុះត្រាតែមានកិច្ចសហការល្អពី ភាគីពាក់ព័ន្ធ មានស្នងការដ្ឋាន អធិការដ្ឋាន រដ្ឋបាលប៉ុស្ដិ៍ និងអាជ្ញាធរសង្កាត់-ភូមិ។

លោកឧត្តមសេនីយ៍ឯក ហែម ថេង បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការជំរឿនជនបរទេសរយៈពេល ៥ឆ្នាំ នៃកិច្ចប្រជុំផ្សព្វផ្សាយក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសំខាន់ៗ នូវទូទាំងប្រទេស គឺអ្វីដែលយើងត្រូវចាប់អារម្មណ៍នៅថ្ងៃនេះ គឺមានបណ្ដឹងតវ៉ាជនជាតិខ្មែរ របស់ជនបរទេស អន្តោបរវេសន្ដ ក្រោយពីរាជធានីភ្នំពេញក៏ត្រូវបានបញ្ចប់នៃការធ្វើជំរឿនជនបរទេសទាំងស្រុង។

លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ទៀតថា ដើម្បីឲ្យការងារលើករណីស្រាវជ្រាវស្វែងយល់ រកការពិតរាល់បណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន្ដ ប្រកបដោយភាពរលូន និងជោគជ័យបានយ៉ាងល្អប្រសើរ ចាំបាច់ណាស់ទាមទារឲ្យមានកិច្ចសហការល្អ ក្នុងការចូលអនុវត្តរួមគ្នាពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ៕