(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នជនខិលខូច ដែលចង់មកផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។

ជាសារនយោបាយតាមបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឱ្យបងប្អូនជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ផ្សេងៗ ជាពិសេសការចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត»

សារអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី ប្រកាសវិលត្រឡប់មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាមួយគ្នានោះ ទណ្ឌិតដែលធ្លាប់អំពាវនាវឱ្យពលរដ្ឋប្រឆាំងរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ការវិលត្រឡប់របស់លោក នឹងមិនឱ្យរាជរដ្ឋាភិបាលចាប់ខ្លួនទេ តែជាការវិលត្រឡប់ដើម្បីមកចាប់ខ្លួន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាវិញ។

ទោះជាយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ច ក៏បានប្រកាសដែរថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីអនុវត្តដីកាតុលាការ ក្នុងការចាប់ខ្លួនទណ្ឌិត សម រង្ស៉ី មកផ្តន្ទាទោស នៅពេលដែលជននេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជានៅវិនាទីណានោះ៕