(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បណ្តាដៃគូអភិវឌ្ឍន៍របស់កម្ពុជា រួមមានសហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, សមភាគីបារាំង និងតំណាងដៃគូជាច្រើនទៀត បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាពដែលរាជរដ្ឋភិបាលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមសេចក្តីប្រកាសព៍ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលចេញផ្សាយនៅថ្ងៃទី២២ ខែសីហានេះ។

ការអបអរសាទររបស់ដៃគូអភិវឌ្ឍន៍ទាំងនោះ ធ្វើឡើងក្នុងឱកាសដែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program - Technical Working Group “PFM-TWG”) របស់ដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យលើ «របាយការណ៍វឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣, ប្រចាំត្រីមាសទី ១ និងទី ២ ឆ្នាំ២០១៩»

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដូចជា សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, សមភាគីបារាំង និងតំណាងដៃគូជាច្រើនទៀត ។

របាយការណ៍អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅក្នុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០១៩ បានបង្ហាញថា នៅក្នុងផ្នែក «ភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, និងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» សម្រេចបានលទ្ធផល «ល្អ» ។ នៅក្នុងផ្នែក «ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ និងការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ និងចីរភាព» សម្រេចបានលទ្ធផល «ល្អប្រសើរ»

សំខាន់ជាងនេះទៀត, គឺការទទួលបានការអនុម័ត ពីរាជរដ្ឋាភិបាលលើយុទ្ធសាស្ត្រធំបីគឺ៖ «យុទ្ធសាស្ត្រ កៀរគរចំណូល ២០១៩-២០២៣», «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥» និង «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥»

តំណាងដៃគូអភិវឌ្ឍន៍ ក៏បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅក្នុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០១៩នេះ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការកៀរគរចំណូល ក្នុងស្រុកនៅក្នុងឆមាសទី១ ឆ្នាំ២០១៩, ការដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីការភ្ជាប់ផែនការលទ្ធកម្មជាមួយនឹង សំណើសុំថវិកាប្រចាំឆ្នាំ, ការអនុវត្តសាកល្បងក្របខ័ណ្ឌថវិកា រយៈពេលមធ្យម និងការប្រកាសដាក់ឱ្យអនុវត្តនូវគម្រោង FMIS ទៅដល់ក្រសួង-ស្ថាប័នចំនួន១៧ថ្មីបន្ថែមទៀត។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍បានបង្ហាញនូវការបន្តផ្ដល់គាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តកម្មវិធីការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍន៍ ដែលតែងតែបន្តផ្តល់គាំទ្រ និងជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជាត្រូវការការគាំទ្របន្ដបន្ថែមទៀត ពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ និងស្វាហាប់ក្នុងការងារកែទម្រង់។

ឆ្លៀតក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកតែចូលរួមអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកថា កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល បានឈានដល់ដំណាក់កាលកាន់ តែស្វាហាប់ ដែលតួនាទីរបស់ក្រសួង-ស្ថាប័នក៏កាន់តែសំខាន់ និងច្រើនឡើង ពិសេស ក្នុងការបែងចែក និងប្រើប្រាស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីឆ្លើយតបឱ្យបានតាមគ្រប់វិស័យអាទិ-ភាពរបស់រាជរដ្ឋាភិបាល។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏ស្នើគ្រប់ក្រសួង-ស្ថាប័ន បន្តយកចិត្តទុកដាក់ ឆន្ទៈមុតស្រួច និងខិតខំប្រឹងប្រែងឥតសំចៃ ដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្ថែមទៀត៕