(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើត ឱ្យមានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍នៅក្នុងតំបន់ ចំនួន ៣បន្ថែមទៀត គឺតំបន់ត្បូងឃ្មុំ តំបន់បាត់ដំបង និងតំបន់ព្រះសីហនុ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមខេត្តនីមួយៗ។

លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាលាឧទ្ធរណ៍៤ នៅពេលខាងមុខនេះ នឹងត្រូវបែងចែកតំបន់គ្នា ក្នុងការទទួលសំណុំរឿង ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ។

តាមព្រះរាជក្រឹត្យព្រះមហាក្សត្រ គឺសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមក ខណៈតំបន់សាលាឧទ្ធរណ៍នៅតាមតំបន់ផ្សេងទៀតនោះ សម្រាប់ទទួលការ ដោះស្រាយលើសំណុំរឿងរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនៅតំបន់ក្បែរៗនោះ។

បើតាមព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
*សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
*សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
*សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ
*សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
*សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
*សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
*សាលាដំបូងខេត្តព្រៃវែង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង
*សាលាដំបូងខេត្តស្វាយរៀង និងអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង
*សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។

សាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
*សាលាដំបូងខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
*សាលាដំបូងខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
*សាលាដំបូងខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
*សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
*សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
*សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ។

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តី សម្រេចនានារបស់សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវ
*សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត
*សាលាដំបូងខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ
*សាលាដំបូងខេត្តកោះកុង និងអយ្យការអមសាលាដំបូងខេត្តកោះកុង
*សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ៕

សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ខាងក្រោមនេះ៖