(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ការចូលរួមចំណែករបស់លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា លើការថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រកម្ពុជា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតជប៉ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីជូនដំណឹង របស់ស្ថានទូតជប៉ុនបានឱ្យដឹងថា លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានចូលរួមចំណែកជំរុញការផ្លាស់ប្តូរ ក្នុងផ្នែកអប់រំរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការជួសជុល និងស្តារឡើងវិញ នៃអង្គរជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោកជាប្រធានក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការពារប្រាសាទអង្គរ (JSA) ចាប់តាំងពីថ្ងៃបង្កើតឡើងនៅឆ្នាំ១៩៩៤ និងក្នុងនាមជាសហប្រធាននៃគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) ចាប់ពីឆ្នាំ២០០៥ ព្រមទាំងបណ្តុះបណ្តាល អ្នកជំនាញបច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោងអង្គរជាង៥ឆ្នាំមកនេះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានចូលរួមចំណែកលើការថែរក្សា ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូរបស់កម្ពុជា ក្នុងនាមលោកជាប្រធានក្រុម នៃសាកលវិទ្យាល័យវ៉ាសេដា។

នៅក្នុងសន្និសីទនេះ លោកបណ្ឌិត ណាកាហ្គាវ៉ា នឹងណែនាំពីប្រវត្តិសកម្មភាពក្នុងការថែរក្សា ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវ របស់លោករហូតមកដល់ពេលបច្ចុប្បន្ន៕