(ភ្នំពេញ)៖ លោក អៀង អឿន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបកស្រាយ និងបដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើរូបលោកពីសំណាក់បុគ្គល២នាក់ ថាលោកបានរំលោភយកដីស្រែជាង១០០ហិចតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក អៀង អឿន បានអះអាងថា ផ្ទុយពីការចោទប្រកាន់នេះទៅវិញទេ ពោលបុគ្គលឈ្មោះ គង់ ច័ន្ទមុន្នី និងឈ្មោះ ចាន់ យឿត ជាអ្នកប៉ុនប៉ងម្តងហើយម្តងទៀត មករំលោភយកដីស្រែរបស់លោក រហូតត្រូវបានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មន្ទីរសុរិយោដី រួមទាំងតុលាការផងបានបញ្ជាក់ច្បាស់លាស់ម្តងហើយម្តងទៀតថា ដីនោះជារបស់លោក ដែលបានកាន់កាប់ត្រឹមត្រូវស្របច្បាប់ទាំងអស់ តាំងពីឆ្នាំ១៩៩៤មក។

ខាងក្រោមនេះ ជាខ្លឹមសារបំភ្លឺទាំងស្រុងរបស់លោក អៀង អឿន៖

«ប៉ុន្មានថ្ងៃនេះមានបុគ្គលពីររូប (ឈ្មោះ គង់ ច័ន្ទមុន្នី និងចាន់ យឿត) បានចេញមុខអះអាង តាមវិទ្យុសំបុកឃ្មុំ បកស្រាយទាមទាររឿងរ៉ាវដីស្រែមួយកន្លែង ទំហំជាង១០៨ហិចតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយចោទឈ្មោះខ្ញុំបាទ (អៀង អឿន) ថាជាអ្នករំលោភយកដីពួកគេ ផ្ទុយពីការពិតដែលពួកគេទៅវិញទេ ជាអ្នកប៉ុនប៉ងម្តងហើយម្តងទៀត មករំលោភយកដីស្រែរបស់ខ្ញុំបាទ រហូតត្រូវបានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មន្ន្ទីរសុរិយោដី រួមទាំងតុលាការផងបានបញ្ជាក់ច្បាស់លាស់ម្តងហើយម្តងទៀតថា ដីខាងលើជាដីស្រែរបស់ខ្ញុំបាទ ដែលបានកាន់កាប់ត្រឹមត្រូវស្របច្បាប់ទាំងអស់ តាំងពីឆ្នាំ១៩៩៤មក។

ដើម្បីរក្សាកិត្តិយសខ្ញុំបាទ ដែលជាអ្នកស្រលាញ់យុត្តិធម៌ ភាពស្មោះត្រង់ និងជាអ្នកប្រតិបត្តិសីលទាន ក្នុងវ័យ៧៨ឆ្នាំហើយនោះ ខ្ញុំបាទគ្មានហេតុផលណាមួយ ដើម្បីលោភលន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ ដូច្នេះខ្ញុំសូមអំពាវនាវដល់បុគ្គលទាំងពីររូបខាងលើ ក៏ដូចជាបក្ខពួកខ្លួន ដែលមានបំណងទុច្ចរិត ប៉ុនប៉ងចង់រំលោភយកដីស្រែខ្ញុំបាទបញ្ឈប់ទៅ ហើយសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាពិនិត្យលើសកម្មភាពនានារបស់បុគ្គលពីររូបខាងលើ និងបក្ខពួកខ្លួន ដើម្បីធានាដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងលុបបំបាត់នូវជនខិលខូច ជនទុច្ចរិត ដែលនាំការលំបាកដល់ប្រជាពលរដ្ឋ និងជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ។

ដើម្បីជាភស្តុតាង ខ្ញុំសូមភ្ជាប់មកជាមួយនូវឯកសារដើម និងឯកសារពាក់ព័ន្ធទាំងអស់ រួមទាំងសាលក្រមរបស់តុលាការផង ដែលបានបញ្ជាក់ថា ដីស្រែខាងលើពិតជារបស់ខ្ញុំបាទ ដែលបានចុះបញ្ជីត្រឹមត្រូវ តាមនិយាមការ និងស្របច្បាប់តាំងពីឆ្នាំ១៩៩៤ ហើយក៏បានកំពុងប្រកបរបរធ្វើស្រែចំការ តាំងពីពេលនោះមកម្ល៉េះ»