(ពោធិ៍សាត់)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ស្ត្រីនិងសីលធម៌សង្គម ស្ត្រីនិងបដិសណ្ឋារកិច្ច» ក្នុងវិស័យទេសចរណ៍ ជូនដល់ប្រតិបត្តិករ សេវាករទេសចរណ៍ មន្ត្រីពាក់ព័ន្ធ និងយុវជនស.ស.យ.ក នៅខេត្តពោធិ៍សាត់។

លោក ហ៊ុន ដានី បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លេចឲ្យឃើញពីតួនាទីរបស់ស្ត្រី ក្នុងការថែរក្សាវប្បធម៌ ប្រពៃណី ការលើកកម្ពស់សីលធម៌សង្គម និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈសេវាបដិសណ្ឋារកិច្ច។

វគ្គបណ្តុះបណ្តាល ដែលឆ្លុះបញ្ចាំងពីតួនាទី តម្លៃស្ត្រី តែងតែត្រូវបានធ្វើឡើងនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកបញ្រ្ជាប ការយល់ដឹងជាសាធារណៈ និងបានជ្រួតជ្រាបពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចំពោះស្រ្តីទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីទូទៅនៅទូទាំងប្រទេស។ ពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន តែងបានគិតគូរពីបញ្ហាស្រ្តី ដែលបម្រើការ ក្នុងវិស័យនេះ ដើម្បីទទួលបានសុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វើអាជីវកម្មផ្លូវភេទ តាមរយៈការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។

លោកស្រីបានលើកឡើងថា ទេសចរណ៍កម្ពុជា គឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ មានសក្តានុពលជាច្រើន ត្រូវបង្ហាញទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរ ដែលរួមបញ្ចូលទាំងផលិតផលទេសចរណ៍ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ កែច្នៃជាពិសេសអ្នកបម្រើសេវាត្រូវគិតគូរតាំងពីសម្លៀកបំពាក់ ស្នាមញញឹម ភាពរួសរាយរាក់ទាក់ សីលធម៌ គុណធម៌ ដែលជាចំណុចសំខាន់ នៃសេវាបដិសណ្ឋារកិច្ច ពោលគឺមិនមែនជាទេសចរណ៍ផ្លូវភេទ មិនមែនជាការលក់សម្រស់ ឬកិតិ្តយសស្រ្តីខ្មែរឡើយ។ ដូច្នេះលោកស្រី បានសំណូមពរឲ្យគ្រប់អ្នកពាក់ព័ន្ធ ត្រូវយល់ឲ្យបានច្បាស់ពីបញ្ហានេះ ស្របនឹងទស្សនទាន «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»

រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា បេសកកម្មរបស់ក្រសួងទេសចរណ៍ ទន្ទឹមនិងការអភិវឌ្ឍវិស័យមាសបៃតងមួយនេះ ឲ្យមានការរីកចម្រើន គឺបំពេញបន្ថែមឲ្យបុរស និងស្ត្រីចេះយល់គ្នា ចេះផ្តល់តម្លៃឲ្យគ្នា កុំឲ្យគ្រាន់តែឃើញគ្នាជាស្រី្តម៉ាស្សា ឬខារ៉ាអូខេ បង្កើតការមាក់ងាយ ឬប្រមាថនោះ ជាការភាន់ច្រឡំធំណាស់ ពីព្រោះថារាល់ការងារអ្វីក៏ដោយឲ្យតែសុច្ចរិត សុទ្ធតែមានតម្លៃដូចគ្នា ប៉ុន្តែទន្ទឹមនឹងនោះស្ត្រីខ្លួនឯង ក៏ត្រូវធ្វើខ្លួនឲ្យសមរម្យ ថ្លៃថ្នូរជាមុនដែរ មុននឹងឲ្យអ្នកដទៃ ឬបុរសគេគោរពឲ្យតម្លៃយើង។

លោកស្រី ក៏បានលើកទឹកចិត្តឲ្យស្ត្រីមានការចូលរួមកាន់តែច្រើន ក្នុងវិស័យសេដ្ឋកិច្ច និងឈោងចាប់យកជំនាញត្រឹមត្រូវច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ និងកំណើនឡើងនៃភ្ញៀវទេសចរ ដែលមកកាន់ប្រទេស ស្របតាមនិយាម «បុគ្គលិកម្នាក់ ជំនាញមួយ » «សេវាមួយស្តង់ដារមួយ»

គួរបញ្ជាក់ថា ក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានបានភ្ញៀវទេសចរអន្តរជាតិ ជាង៣,៣លាននាក់ ក្នុងកំណើន១១.២% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៨។ ជាការរំពឹងទុកកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦,៦លាននាក់ នៅឆ្នាំ២០១៩ និង៧លាននាក់នៅឆ្នាំ២០២០៕