(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបមានឥទ្ធិពលទៅលើប្រទេសឡាវ ថៃ និងប្រទេសកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសាន តំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេសេកុង សេសាន និងទន្លេស្រែពក ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងកម្រិតពីមធ្យមទៅខ្លាំងចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩នេះតទៅ។

ក្រសួងបញ្ជាក់ថា ការធ្លាក់ភ្លៀងខាងលើ នឹងធ្វើឲ្យទឹកទន្លេមេគង្គកើនឡើង ជាបន្តបន្ទាប់ក្នុងនោះមាន៖

* ស្ថានីយជលសាស្រ្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ៨.៥០ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ)។

* ស្ថានីយជលសាស្ត្រក្រចេះ ទឹកអាចឡើងដល់កម្ពស់ ១៨.៥០ម៉ែត្រ នៅទាបជាងកម្រិត កម្ពស់ប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ)។

* ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ ១០.០០ម៉ែត្រ នៅទាបជាង កម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ)។

* រីឯនៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកបន្តឡើងជាបន្តបន្ទាប់។ ជារួមស្ថានភាពទឹកទន្លេឡើង ក្នុងពេលនេះ អាចចាត់ចូលជាការហក់ឡើង អតិបរមាលើកទី១ផងដែរ។

ក្រសួងធនធានទឹកក៏បានអំពាវនាវផងដែរថា សូមក្រសួង-ស្ថាប័ន អាជ្ញាធរ ដែនដីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅអមសងខាងទន្លេទាំងអស់ រួសរាន់ក្នុងការប្រមូលកសិផល និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕