(កោះកុង)៖ លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងព្រះរាជអាជ្ញាខេត្ត លោក រស់ សារិន បានប្រាប់មន្ត្រីបរិស្ថានឲ្យបែងចែកដីតំបន់ឧទ្យានជាតិ និងដីសហគមន៍បានច្បាស់ និងធ្វើរបាយណ៍ឲ្យលំអិត ចៀសវាងចាប់មនុស្សដាក់គុក ខុសនាំឲ្យមានវិប្បដិសារី។

ការសង្កត់ធ្ងន់ៗរបស់ប្រធានតុលាការ និងព្រះរាជអាជ្ញាខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំនគរបាលយុត្តិធម៌ លើវិស័យបរិស្ថានគ្រប់បណ្តាស្រុក ដែលបានរៀបចំឡើងពីរអយ្យការអមសាលាដំបូងខេត្តកោះកុង។

លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានថ្លែងថា ការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងឆមាសទី១ របស់មន្ទីរបរិស្ថានខេត្តកោះកុងបានចំនួន ៦៥៤លើក ដោយបង្ក្រាប និងដកហូតវត្ថុតាងបានចំនួន ២១៨ករណី, កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុងបានចំនួន ៧៦ករណី, ពិន័យអន្តរការណ៍ចំនួន ១១ករណី និងធ្វើកិច្ចសន្យាអប់រំផ្សព្វផ្សាយចំនួន ២០ករណី។

ចំពោះបញ្ហាការកំណត់តំបន់ឧទ្យានធនធានធម្មជាតិ និងតំបន់សហគមន៍ លោកនឹងឲ្យមន្ត្រីដាក់ស្លាកជាសម្គាល់ និងផែនទីកំណត់ឲ្យបានច្បាស់។

លោក រស់ សារិន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានលើកឡើងថា អយ្យការបានយកចិត្តទុក្ខដាក់ពិនិត្យលើល្បិចថ្មីៗ របស់ជនខិលខូចក្នុងប្រើប្រាស់ឯកសារ គតិយុត្តិ មិនសមស្របតាមច្បាប់ របស់អង្គភាពមានសមត្ថកិច្ច ដើម្បីទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីដែលជាសម្បត្តិរបស់រដ្ឋ។ ដូច្នេះអយ្យការក៏បានរៀបចំឯកសារជូនដំណឹងពីចំណុចដែលរងការបំពាន ដោយជនល្មើស ទោះស្គាល់មុខក្តី មិនស្គាល់មុខក្តី ដល់អាជ្ញាធរដែនដីមូលដ្ឋាន ភូមិឃុំស្រុក ដោយភ្ជាប់ផែនទីបញ្ជាក់ពីទីតាំងដីដែលរងការរំលោភបំពាន។

លោកបានបញ្ជាក់បន្ថែមថា «ត្រង់ចំណុចខាងលើកនេះហើយ មន្ត្រីឧទ្យាជាតិ និងមន្ត្រីបរិស្ថាន ក៏គួរតាមដានការចេញលិខិតបញ្ជាក់ ឬលិខិតទទួលស្គាល់ពីអាជ្ញាធរដែនដីផងដែរ។ ហើយនៅពេលថ្មីៗ នេះ អយ្យការក៏បានឃើញ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុករបស់ ឯកឧត្តម ថា គ្មាននរណាម្នាក់អាចមាន សិទ្ធិទន្ទ្រានកាន់កាប់ លក់ដូរ ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬបញ្ជាក់លើលិខិតស្នាមកាន់កាប់ ឬលក់ឬដូរ ដីក្នុងតំបន់ការពារធម្មជាតិបានឡើយ»

លោកបានបន្តទៀតថា «ការទន្ទ្រានកាន់កាប់ ការលក់ដូរ ការផ្ទេរដីក្នុងតំបន់ការពារធម្មជាតិ គឺផ្ទុយនិងច្បាប់ភូមិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»

លោកព្រះរាជអាជ្ញា ក៏បានស្នើឲ្យប្រធានមន្ទីរបរិស្ថាន ឬមន្ត្រីអនុវត្តន៍ធ្វើរបាយការណ៍ និងពិភាក្សាពីស្ថានភាពបង្ការ និងបង្ក្រាបបទល្មើសក្នុងវិស័យបរិស្ថាន ក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងតំបន់ ៣០៣ ឲ្យបានច្បាស់ រួចធ្វើរបាយការលម្អិតជូនអយ្យការឲ្យបានរហ័ស។

សម្រាប់លោក មីន មករា ប្រធានសាលាដំបូងខេត្ត បានសង្កត់ធ្ងន់ៗថា «មន្ត្រីបរិស្ថាន មន្ត្រីឧទ្យានជាតិ ត្រូវកំណត់តំបន់ចំណុចណាដល់ចំណុចណាតំបន់ឧទ្យានធនធានធម្មជាតិ ហើយតំបន់ ចំណុចណាជាតំបន់ដីរបស់សហគមន៍ ហើយត្រូវមានដាក់ស្លាកសញ្ញាជាផែនទីធំៗ ជាសម្គាល់ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ ដីចំណុចណាអាចប្រើប្រាស់បានដី ចំណុចណាមិនអាច ប្រើប្រាស់បាន កុំការចាប់មនុស្សដាក់គុកខុសនាំឲ្យមានវិប្បដិសារីដល់គ្រួសារគេនិមួយៗ។ ហេតុដូច្នេះមន្ត្រីបរិស្ថាន និងមន្ត្រីឧទ្យានជាតិ ត្រូវធ្វើលិខិតបញ្ញាក់ពីតំបន់ឧទ្យាជាតិ តំបន់ណាជាតំបន់សហគមន៍ រួមនិងផែនទីដាក់ជូនមូលដ្ឋានភូមិឃុំស្រុក ដើម្បីឲ្យគាត់ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យគាត់បានយល់កាន់ច្បាស់»