(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងរដ្ឋបាលខេត្តស្ទឹងត្រែងបានសហការរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តស្ទឹងត្រែង ស្តីពី «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា» ក្រោមអធិបតីភាពរបស់ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមមកពីបណ្តាមន្ទីរ-អង្គភាពចំណុះសាលាខេត្ត អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានានៅក្នុងខេត្ត។

នៅក្នុងវេទិកាសន្ទនាដ៏មានសាររៈសំខាន់នេះ វ.ស.ស. បានរៀបចំឱ្យមានបទបង្ហាញស្តីពី «គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០» «បច្ចុប្បន្នភាពច្បាប់មួយចំនួនដែលអង្គការសង្គមស៊ីវិលត្រូវអនុវត្ត» និង«កាតព្វកិច្ចបង់ពន្ធចំពោះអង្គការសង្គមស៊ីវិល» ដើម្បីផ្តល់ព័ត៌មានស៊ីជម្រៅបន្ថែមទៀត អំពីសិទ្ធិ កាតព្វកិច្ច ក៏ដូចជាតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា និងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នៅក្នុងវេទិកានេះ បញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងនៅមូលដ្ឋាន ត្រូវបានលើកយកមកពិភាក្សាយ៉ាងផុសផុល និងដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសរីករាយនិងស្និទ្ធិស្នាល។

ឆ្លៀតឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះភាពល្អប្រសើនៃកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលនាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះវិធានការ ជាក់ស្តែងភ្លាមៗរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រកបដោយភាពឈ្លាសវៃ និងប្រសិទ្ធភាព។ លោកប្រធានក៏បានរំលឹកផងដែរអំពីតួនាទីរបស់ វ.ស.ស. ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ទទួលស្គាល់នូវគុណតម្លៃគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការល្អ និងឈានទៅសម្រេចបាននូវសមិទ្ធផលរួម ក៏ដូចជាគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ បន្ថែមពីនេះ លោកប្រធានបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលទាំងអស់ទៅចុះបញ្ជីពន្ធដា ក៏ដូចជាចូលរួមគោរពនិងអនុវត្តច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ដើម្បីទទួលបានសុខដុមនីយកម្ម និងការអភិវឌ្ឍន៍ខ្លាំងក្លានៅក្នុងសង្គម៕