(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានថ្លែងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក «សាមគ្គីស្រុករំដួល» ខេត្តស្វាយរៀង ដែលចំណាយថវិកា ៥៦ម៉ឺនដុល្លារនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យសុខាភិបាល នៅស្រុករំដួល ដែលបានមកពីការរួបរួមគ្នា កសាងដោយទឹកចិត្តជ្រះថ្លា និងស្មារតីស្នេហាជាតិ កសាងសមិទ្ធផលថ្មីឡើង ដើម្បីផ្តលសេវាសុខាភិបាលជូនពលរដ្ឋ។

ការថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលចំណាយថវិកាអស់ប្រមាណ៥៦ម៉ឺនថវិកា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោក ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករំដួល និងសប្បុរសជន ។

ពិធីនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលពីលោក ខ្វាន់ ស៊ាម និងលោក ម៉ែន វិបុល អភិបាលខេត្ត និងអស់លោក លោកស្រី ជាក្រុមការងារ មន្ត្រីរាជការ ប្រជាពលរដ្ឋជិត១០០០នាក់ផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងក្នុងនាមលោកស្រីផ្ទាល់សូមគាំទ្រ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់អំពីសុខុមាលភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយបានបង្កើតឲ្យមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឲ្យនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយនូវភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិស័យសុខាភិបាល ជាវិស័យអាទិភាព។

លោកស្រី បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកថ្មីនេះ ពិតជារួមចំណែកលើកកម្ពស់គុណភាព សេវាថែទាំសុខភាពសម្រាប់ ប្រជាពលរដ្ឋយើង តាមរយៈការពិគ្រោះ និងការព្យាបាលជំងឺទៅតាមស្តង់ដារជាតិ ដោយធានាសុវត្ថិភាព សក្តិសិទ្ធភាព និងភាពជឿទុកចិត្ត។

លោកស្រី ម៉ែន សំអន បានណែនាំដល់បុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដអាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។

លោកស្រីថា មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវ បន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្ដល់សេវាសុខភាពឲ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ-សុខភាព និងព្យាបាលឲ្យកាន់តែប្រសើឡើង។ បុគ្គលិកពេទ្យប្រើប្រាសកាយវិកាទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជំងឺ។

ម្យ៉ាងទៀត លោកស្រី ម៉ែន សំអន ស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែរក្សាអនាម័យភាពស្អាតស្អំ គ្មានធូលី និងមេរោគជា ជាពិសេសត្រូវសំអាតសម្ភារបរិក្ខាពេទ្យកម្រាលឥដ្ឋ បន្ទប់អ្នកជំងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ៕