(ភ្នំពេញ)៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ដែលទើបចប់អាណត្តិ បានសម្តែងការរីករាយ ចំពោះការបំពេញការងារនៅកម្ពុជា រយៈពេល ៣ឆ្នាំកន្លងមកនេះ។ លោកបានមើលឃើញកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យទាំង ស្ថេរភាពនយោបាយសន្តិសុខ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង និងបានធ្វើការជួសជុលបញ្ចុះ ជាស្ថាពរនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

ការបង្ហាញក្តីសប្បាយរីករាយរបស់លោក Hidehisa HORINOUCHI បានធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា លោក Hidehisa HORINOUCHI បានបង្ហាញពីមោទនភាពជាខ្លាំងដោយបានពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរ កាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបានរៀបចំជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំចំនួន៣លើក នៅប្រទេសជប៉ុន។

ពាក់ព័ន្ធនឹងវិស័យការពារជាតិភាគីជប៉ុន ក៏បានទទួលដំណើររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅបំពេញទស្សនកិច្ចនៅជប៉ុន នៅឆ្នាំ២០១៧ និងទទួលដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ទៅចូលរួមប្រជុំ និងវេទិកានានា នៅជប៉ុន ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ជប៉ុនបានជួយបណ្តុះបណ្តាលលើវិស័យរក្សាសន្តិភាព សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការចូលចតនាវាជប៉ុន នៅកំពង់ផែខេត្តព្រះសីហនុ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នាយទាហាន ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ផងដែរ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Hidehisa HORINOUCHI សម្តេចពិជ័យសេនា ទៀ បាញ់ បានអបអរសាទរ ដល់លោកឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យដ៏ធំធេងនៅកម្ពុជា និងសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកផ្ទាល់ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន មានភាពរីកចម្រើនលើគ្រប់វិស័យ ទាំងការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ក្នុងការរួមចំណែកលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងបន្តរក្សាកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ។

ដោយឡែក វិស័យការពារជាតិ ក្រៅពីការចូលចតនាវា នៅកំពង់ផែខេត្តព្រះសីហនុ ការទទួលសិក្ខាកាមទៅសិក្សាបណ្តុះបណ្តាល ហ្វឹកហ្វឺន នៅប្រទេសជប៉ុន ជប៉ុនបានផ្តល់យោធាចារ្យ និងទីប្រឹក្សានៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ផ្តល់ឧបករណ៍ សម្ភារៈ ជូនក្រសួងការពារជាតិកម្ពុជា ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យពិសេសវិស័យរក្សាសន្តិភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ឈានដល់កម្រិតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ប្រទេសទាំងពីរ។

ជាក់ស្តែង ក្រសួងការពារប្រទេសជប៉ុន បានជួយបង្កើនសមត្ថភាពដល់កងរក្សាសន្តិភាពកម្ពុជា លើវិស័យអប់រំ និងហ្វឹកហ្វឺននៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចជាជំនាញបច្ចេកទេសវិស្វកម្មជំនាញរក្សាសន្តិភាព។ល។ ធ្វើឱ្យកងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ផ្នែកជំនាញវិស្វកម្មទទួលជោគជ័យជាបន្តបន្ទាប់ និងទទួលបានការកោតសរសើរ ពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសរួមបេសកកម្ម នៅក្នុងតំបន់ជាមួយគ្នា។

ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា ទោះបីលោក Hidehisa HORINOUCHI បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាពេលនេះក៏ពិតមែន ប៉ុន្តែលោកនឹងពាំនាំដល់រដ្ឋាភិបាល ក្រសួងការពារប្រទេសជប៉ុន នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងរក្សាសន្តិភាពទៅតាមសំណូមពរចាំបាច់ជាពុំខានឡើយ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នៅតែលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយលោកឯកអគ្គរាជទូតថ្មី ដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជំនួសលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកជាសំណូមពរចំពោះលោក Hidehisa HORINOUCHI ពេលទៅបំពេញ បេសកកម្មការទូត នៅប្រទេសហូឡង់ សូមជួយជម្រាបជូនដល់ប្រទេសមួយចំនួននៅក្នុងសហគមន៍អឺរ៉ុប បានយល់ពីស្ថានការណ៍ពិតនៅកម្ពុជា ពីព្រោះមានតែមិត្តជប៉ុនទេ ដែលបានយល់អំពីស្ថានភាពនៅកម្ពុជាតាំងពីជំនាន់អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣ និងសភាពការណ៍ពិតនាពេលបច្ចុប្បន្ន ដែលកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ខុសពីការចោទប្រកាន់របស់ជនអគតិមួយចំនួន ដែលបានលើកឡើងថា កម្ពុជាសម្លាប់លទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស។ល៕