(ភ្នំពេញ)៖ របាយការណ៍ស្តីពីវឌ្ឍនភាព នៃការលក់ផ្លាកលេខយានយន្តរបស់គណៈកម្មការអន្តរក្រសួង បានបង្ហាញថា ចំណូលពីការលក់ផ្លាកលេខរថយន្តគ្រួសារ និងរថយន្តធុនស្រាល រយៈពេល៧ខែឆ្នាំ២០១៩នេះ កើនឡើង ៦១.២៩% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨កន្លងទៅ។

តួលេខនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការណ៍ក្រសួងសារធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិនិត្យមើលរបាយការណ៍វឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត និងការពិភាក្សាលើសេចក្តីព្រាងនៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងបញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី កុយ សុដានី បានជំរុញឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលឱ្យបានល្អ ជជែកពិភាក្សាឱ្យបានលម្អិត និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងនៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អាចធានាបាននូវប្រសិទ្ធភាព និងរួមចំណែកដល់ការប្រមូលប្រាក់ចំណូលជាតិប្រកបដោយតម្លាភាព៕