(រតនគិរី)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តខេត្តរតនគិរី បានសហការចូលរួមពីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវ ខេត្តរតនគិរី ដោយរកឃើញទំនិញហួសកាលបរិច្ឆេទ ជិត១៦គីឡូក្រាម។

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋម រួមមានលើម្ហូបអាហារ និងគ្រឿងសមុទ្រមួយចំនួន ហើយជាលទ្ធផលគឺមិនបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។

តែមន្រ្តីជំនាញកាំកុងត្រូល បានរកឃើញការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ សរុបទំនិញដកហូតបានប្រហែល ចំនួន ១៥.៩០គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕