(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០១៩នេះ គឺជាឆ្នាំទី ៦ហើយ នៃការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមិនអនុញ្ញាតឲ្យ បេក្ខជនប្រឡង អាចយកសំណៅឯកសារ ឬសម្ភារហាមឃាត់ ចូលក្នុងមណ្ឌលប្រឡង ឬមិនអនុញ្ញាតឲ្យមានការបោះប្រ៊ីយ៉ុងនោះឡើយ។

ព្រមពេលជាមួយគ្នានេះ ឪពុក ម្ដាយ និងអាណាព្យាបាលសិស្ស បានសម្ដែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលបានរៀបចំការប្រឡងបានយ៉ាងល្អប្រសើរ ត្រឹមត្រូវ និងមានតម្លាភាព ស្របតាមទិសស្លោកថា «អ្នកចេះ គឺជាប់»

លោក កែវ សារ៉ាត់ ដែលមានកូនប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា លោកមានការពេញចិត្តយ៉ាងខ្លាំង និងអរគុណដល់ រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ចំពោះ ការប្រឡងបែបនេះ ដើម្បីជ្រើសរើសយកធនធានមនុស្សដែលមានសមត្ថភាពពិត។

អាណាព្យាបាលសិស្សរូបនេះ បានអះអាងថា តាមអ្វីដែលលោកកត់សម្គាល់នៅបរិវេណមណ្ឌលប្រឡង មិនមានអ្វីដែលអាចឲ្យអ្នកនៅក្រៅ បោះប្រ៊ីយ៉ុងទៅបេក្ខជនបានឡើយ ព្រោះសន្ដិសុខ សណ្ដាប់ធ្នាប់ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ហើយបេក្ខជនផ្ទាល់មុនពេលចូលមណ្ឌល ក៏ត្រូវបានគ្រូឆែករកសំណៅឯកសារផងដែរ។

លោក កែវ សារ៉ាត់ បានលើកឡើងបែបនេះថា «សូមអរគុណដល់រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ ដែលបានធ្វើការកែទម្រង់ជាឆ្នាំលើកទី៦។ តាមការអង្កេតរបស់យើងខ្ញុំឃើញថា យើងបានរៀបចំល្អប្រសើរ ទៅលើសិស្សានុសិស្សនៅពេលដែលចូលប្រឡងក្ដី មិនមានប្រ៊ីយ៉ុង បើពីមុនៗមកនៅកន្លែងឆែកប្រ៊ីយ៉ុងទាំងគរ។ ប៉ុន្ដែឥលូវនេះយើងបានអភិវឌ្ឍន៍វិស័យអប់រំ បានល្អប្រសើរ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ»

អាណាព្យាបាលសិស្សផ្សេងទៀត ក៏បានកត់សម្គាល់ដូចគ្នាផងដែរលើការកែទម្រង់នេះ ដោយលោកចង់ឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ បន្ដការរឹងបណ្ដឹងបែបនេះ សម្រាប់ការប្រឡងលើកៗក្រោយទៀត ដើម្បីជ្រើសរើសធនធានមនុស្សដែលល្អ សម្រាប់ចូលរួមអភិវឌ្ឍន៍ជាតិ និងមាតុភូមិ។

សូមរំលឹកថា បើនិយាយដល់ការប្រឡងបាក់ឌុប ដែលជាការល្បងសមត្ថភាពចំណេះដឹងរបស់អ្នកសិក្សារៀនសូត្រ ក្នុងកម្រិតអប់រំចំណេះដឹងទូទៅ ក្រោយសិក្សារយៈពេល១២ឆ្នាំនោះ គេប្រាកដជានឹកឃើញដល់ដំណាក់កាល នៃការចាប់ផ្តើមធ្វើកំណែទម្រង់ការប្រឡងដ៏តឹងរឹងបំផុតនាឆ្នាំ២០១៤ ក្រោយលោក ហង់ ជួនណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្នាំ២០១៤ ជាឆ្នាំប្រឡងបាក់ឌុប ដែលមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ ឧបករណ៍អេឡិកត្រូនិក ឬអាចលួចមើល លួចចម្លងគ្នា បានដូចទម្លាក់នោះឡើយ។ ឆ្នាំ២០១៤ ក៏ជាឆ្នាំនៃការចងចាំមួយមិនអាចបំភ្លេចបានដែរទាំងអ្នកសិក្សា និងមហាជន ព្រោះជាឆ្នាំដែលសិស្សបាក់ឌុប ធ្លាក់ច្រើនបំផុត និងមានការប្រឡងរហូតដល់ទៅពីរដង។

បើទោះបីជាយ៉ាងណាផ្តើមពីឆ្នាំ២០១៤នោះហើយ ដែលធ្វើឱ្យអ្នកសិក្សាចំណេះដឹងទូទៅចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ និងចាប់ផ្តើមភ្ញាក់រលឹកប្រឹងប្រែងសិក្សា ដោយមិនផ្តេកផ្តួលលើការលួចចម្លង ឬលួចមើលសំណៅឯកសារនៅពេលប្រឡងទៀតនោះឡើយ។

ផ្តើមចេញពីឆ្នាំ២០១៤នេះដែរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងផ្តល់កិត្តិយសខ្ពស់បំផុតអនុញ្ញាតឱ្យសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច៕