(ភ្នំពេញ)៖ ជនត្រូវចោទដែលជាចោរកាច់កម៉ូតូម្នាក់ ត្រូវបានគេរាយការណ៍មកថា បានរត់គេចខ្លួនបាត់ស្រមោល ពីបរិវេណសាលាដំបូងរាជធានីភ្នំពេញ បានដោយសុវត្ថិភាពកាលពីម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។

ជនត្រូវចោទដែលបានលួចរត់មានឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអតីតមន្ត្រីនគរបាលរដ្ឋបាលបឹងទំពន់ រស់ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ជនត្រូវចោទត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ នៅពេលដែលរូបគេ ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា នៅពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ពីបទលួច រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមច្បាប់។

ជនត្រូវចោទ បានលួចដោះខ្នោះដៃ និងរត់គេចខ្លួន នៅគ្រាដែលនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ កំពុងរកដីកាឃុំខ្លួនជនត្រូវចោទពីលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានបង្ហាញការសោកស្តាយចំពោះការធ្វេសប្រហែសរបស់មន្រ្តីលោក ប៉ុន្តែលោកថា នៅពេលនេះលោកបានបញ្ជាកម្លាំងជំនាញ ដើម្បីតាមស្រាវជ្រាវតាមចាប់ត្រឡប់មកវិញ។

សូមជម្រាបជូនថា ការត់គេចខ្លួនរបស់ជនសង្ស័យ និងជនត្រូវចោទ នៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ មិនមែនទើបតែកើតឡើងនោះទេ ពោលគឺធ្លាប់កើតមានជាញឹកញយណាស់មកហើយ។

ក្រុមនគរបាលតម្រួបបទបញ្ជាប្រចាំតុលាការក្រុងភ្នំពេញ បានសំណូមពរឲ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងពង្រឹងវិន័យលើក្រុមនគរបាលខណ្ឌ និងបណ្តាមន្ទីរ នាយកដ្ឋាន ដែលតែងតែនាំក្រុមជនសង្ស័យទៅតុលាការ ភាគច្រើនមិនស្លៀកពាក់ឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួននោះទេ ដែលជាហេតុនាំឲ្យ នគរបាលយាមតុលាការពិបាកកត់សម្គាល់ថា អ្នកណាជាជនសង្ស័យ និងអ្នកណាជាសមត្ថកិច្ច?៕