(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញការណែនាំថ្មីចំនួន៧ចំណុច ដើម្បីពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ច និងក្រមសីលធម៌របស់មន្ត្រីលើការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ការដាក់ចេញសេចក្តីណែនាំថ្មីរបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមហាជននាំគ្នាប្រតិកម្មយ៉ាងខ្លាំងចំពោះមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបមួយរូប បានយកជើងចង្អុលផ្លាកលេខរថយន្តប្រជាពលរដ្ឋពេលយកទៅពិនិត្យលក្ខណៈបច្ចេកទេសនាពេលថ្មីៗនេះ។ បន្ទាប់ពីប្រតិកម្មរបស់មហាជនមន្ត្រីជានារីរូបនោះ បានរងពិន័យដោយផ្លាស់ចេញពីនាទីរបស់ខ្លួន។

ការណែនាំថ្មីទាំង៧ចំណុចស្តីពីការពង្រឹងតួនាទី ភារកិច្ច និងក្រមសីលធម៌របស់មន្ត្រីក្នុងការផ្តល់សេវា ដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទើបនឹងដាក់ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះរួមមាន៖

១៖ ត្រូវបំពេញតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ សេចក្តីថ្លៃថ្នូរ និងទំនួលខុសត្រូវខ្ពស់។

២៖ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថជាមន្ត្រីល្អ ជាអ្នកបម្រើប្រជាពលរដ្ឋនូវរាល់ពេលទំនាក់ទំនងផ្តល់ សេវាសាធារណៈ ប្រកបដោយភាពកក់ក្តៅ និងការគោរពស្រឡាញ់ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋ ពេញចិត្ត ចំពោះរាល់សកម្មភាពការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

៣៖ ត្រូវកំណត់របៀបរបបធ្វើការងារដោយបំពេញនូវសេចក្តីត្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋដែល មកទទួលសេវាឲ្យបានល្អបំផុត។

៤៖ ត្រូវផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់អំពីនីតិវិធី និងបែបបទផ្សេងៗ ស្របតាមបទប្បញ្ញតិ្តច្បាប់ និងត្រូវដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ បំផុត។

៥៖ ត្រូវចូលរួមអនុវត្តយន្តការកាត់បន្ថយនីតិវិធីស្មុគស្មាញនិងភាពស៊ាំញ៉ាំ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈ។

៦៖ មិនត្រូវប្រើប្រាស់តួនាទី និងមុខតំណែងរបស់ខ្លួន ទៅគំរាមកំហែង ឬបង្កការលំបាកដល់ ប្រជាពលរដ្ឋឡើយ។

៧៖ ត្រូវចេះសម្របសម្រួលនិងមានការទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត៕