(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា​) បានរៀបចំកម្មវិធី Kick-off ពាក់កណ្តាលឆ្នាំ ក្នុងគោលបំណង អបអរសាទរសមិទ្ធផល របស់ទីប្រឹក្សា ផែនការជីវិត អេ អាយ អេ ក្នុងការជួយការពារផ្នែកហិរញ្ញវត្ថុ នៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្ត ឲ្យពួកគាត់បន្តផ្តល់ការការពារ ដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូកភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងលោក សំរិទ្ធ មុនី នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់។ កម្មវិធីនេះ រៀបចំធ្វើឡើង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

កម្មវិធី ក្រោមប្រធានបទ «វិសាលភាពកាន់តែធំ កាន់តែប្រសើរ និងថ្មីប្លែក» មួយនេះ បានចាប់ផ្តើមជាមួយនឹងការបង្ហាញនូវលទ្ធផលដ៏អស្ចារ្យ ក្នុងឆមាសក្នុងទីមួយ។ ក្នុងផ្នែក «វិសាលភាពកាន់តែធំ» សមិទ្ធិផល គួរឲ្យកត់សម្គាល់ រួមមានការវិវត្តនៃវិសាលភាព របស់នាយកដ្ឋានផ្នែកលក់ដល់ទៅ ៤២២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ ប្រធានបទ «ថ្មីប្លែក» ក៏ត្រូវបានរំលេចឡើង ក្នុងកម្មវិធីវឌ្ឍនភាពអាជីពឆាប់រហ័ស និងការលើកទឹកចិត្ត កាន់តែច្រើនសម្រាប់ទីប្រឹក្សាផែនការជីវិត AIA ដើម្បីសំរេចគោលដៅរបស់ខ្លួន និងបម្រើអតិថិជន របស់ពួកគាត់ឲ្យបានកាន់តែល្អ។ អេ អាយ អេ ខេមបូឌា បានប្រកាសអ្នកឈ្នះ នៃពានរង្វាន់ទីប្រឹក្សាផែនការជីវិត សម្រាប់ក្លិបលំដាប់ព្រីមៀរឆ្នាំ២០១៩ ដែលរួមមាន៥៤រូបផងដែរ។

ក្នុងនោះ មានសមាសភាពសមាជិក Million Dollar Round Table (“MDRT”) ជាច្រើន និងសមាជិកលំដាប់ Court of the Table (“COT”) ដល់ទៅ២នាក់ ដែលជាអ្នកតំណាងសម្រាប់កម្ពុជា ដំបូងបំផុតពីវិស័យធានារ៉ាប់រង ចេញពីប្រតិបត្តិការត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះរបស់ អេ អាយ អេ ខេមបូឌា។

សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ ជាអន្តរជាតិថា ជាបទដ្ឋាននៃឧត្តមភាព ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិត ដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈ ដ៏ម៉ត់ចត់ អាកប្បកិរិយាប្រកប ដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន៣ដង ខ្ពស់ជាងលំដាប់ MDRT។

លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT ដែលបានកសាងកិត្តិនាមនេះ លឿនជាងគេបំផុត បានលើកឡើងថា «ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានក្លាយជាសមាជិក COT ក្នុង២០១៩។ នេះបង្ហាញថា ប្រសិនបើយើងខិតខំធ្វើការជារាល់ថ្ងៃ និងខិតខំដើម្បីសុខុមាលភាពប្រជាជនកម្ពុជា នោះយើងអាចទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាពិសេសគឺតាមរយៈក្រុមហ៊ុនអន្តរជាតិដូចជា អេ អាយ អេ»

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​កត់សម្គាល់ពីការអភិវឌ្ឍដ៏ធំធេងនេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានឃើញ អេ អាយ អេ ខេមបូឌា បានអភិវឌ្ឍដល់កម្រិតណា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

លោកស្រីបន្ដថា «ចំនួនទីប្រឹក្សាផែនការជីវិត AIA បានរីកចម្រើនយ៉ាងខ្លាំង ហើយសម្រាប់ខ្ញុំ ការដែលយើងមានសមាជិក Court of the Table ត្រឹមតែក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការរបស់យើង គឺជាការរីកចំរើនដ៏ខ្លាំងក្លា»

លោកស្រីថា «ជាមួយនឹងការគាំទ្រកាន់តែច្រើនពី អេ អាយ អេ ខេមបូឌា និងសម្ព័ន្ធ អេ អា អេ ទាំងមូល ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានសមិទ្ធផលកាន់តែធំ កាន់តែប្រសើរ និងកាន់តែប្លែកពីទីប្រឹក្សាផែនការជីវិត AIA ក្នុងការការពារហិរញ្ញវត្ថុនៃប្រជាជន»