(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ បានជំរុញឱ្យសិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុន សែន តំបែរ និងវិទ្យាល័យហ៊ុន សែនចារថ្មី ត្រូវមានជំនឿជឿជាក់លើខ្លួនឯង ហើយត្រូវខិតខំរៀនសូត្រ ត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក ចាយ បូរិន បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចូលរួមសំណេះសំណាល ជាមួយ សិស្សានុសិស្ស២៧៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន តំបែរ និងវិទ្យាល័យ ហ៊ុន សែន ចារថ្មី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្នុងខេត្តត្បូងឃ្មុំ។

លោក ចាយ បូរិន បាន កោតសរសើរដល់ការខិតខំរៀនសូត្ររបស់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលបានកំពុងខិតខំប្រឹងប្រែង ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ សូមឱ្យប្អូនៗ ទទួលបានជោគជ័យទាំងអស់គ្នា។

លោក ចាយ បូរិន បានលើកឡើងថា ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ប្រមូលអារម្មណ៍ ឱ្យល្អកុំមានការព្រួយបារម្មណ៍ តាំងស្មារតីឱ្យរឹងមាំមានជំនឿជឿជាក់ និងទុកចិត្តលើខ្លួនឯង ប្អូនៗប្រាកដជាទទួលបានជោគជ័យ ក្នុងការប្រឡងយកសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ខាងមុខនេះ ជាពុំខានឡើយ។

តាមរយៈប្អូនៗដែលមានវត្តមាននៅទីនេះ លោក ចាយ បូរិន ក៏បានថ្លែងអំណរគុណដល់មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល ដល់ប្អូនៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ មានចំអាហារគ្រប់គ្រាន់ និងមានសុភាពល្អ និងមានការលើកទឹកចិត្តគ្រប់ពេលវេលាថែមទៀត ។

លោក ក៏បានលើកឡើងពីការកែទម្រង់របស់ក្រសួងអប់រំ ក្នុងការរៀបចំកម្មវិធីសិក្សាថ្មីមួយ មានលក្ខណៈស្តង់ដារ ដើម្បីឆ្លើយតបនឹងវិស័យអប់រំ នាសតវត្សទី២១នេះ គឺផ្តោតទៅលើការបង្រៀន អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា វិទ្យាសាស្ត្រ និង ការបង្រៀនភាសាបរទេសពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ភាសាបារាំងឬ អង់គ្លេស និងរៀបចំវិធីសាស្ត្រក្នុងការបង្រៀនល្អៗដើម្បីឱ្យសិស្ស មានមូលដ្ឋានរឹង ពីក្រោមរហូតដល់ ថ្នាក់លើ ។

លោក ចាយបូរិន បានបន្ថែមទៀតថា កម្មវិធីសិក្សាថ្មីនេះ ក្រសួងបានដាក់បញ្ចូលនូវមុខវិជ្ជា អប់រំសុខភាព រួមមាន សុខភាពបន្តពូជ និង ផ្លូវភេទ បច្ចេកវិទ្យា ព័ត៌មាន ទូរគមនាគមន៍ បំណិនជីវិតតាមមូលដ្ឋានភាសាអង់គ្លេស បារាំង អប់រំ សិល្បៈ និង មុខវិជ្ជា អប់រំកាយ និងកីឡា ចាប់ពីកម្រិតបឋមសិក្សា ឡើងទៅ។ ក្រៅពីនេះក្រសួងក៏បានបង្កើនម៉ោងសិក្សាពី២៥ម៉ោង ដល់៣០ម៉ោង នៅកម្រិតបឋមសិក្សា និង៣២ម៉ោង ទៅ៤០ម៉ោង នៅកម្រិតមធ្យមសិក្សា។ កាត់បន្ថយសិស្សក្នុងថ្នាក់មកនៅត្រឹម៣៥នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី៣ និង ៤០នាក់ ក្នុងមួយថ្នាក់ចាប់ពីថ្នាក់ទី ៤ ដល់ ថ្នាក់ទី១២។

លោកបានបន្តទៀតថា ក្រសួងក៏បានរៀបចំសៀវភៅផែនការគោល សម្រាប់អនុវត្តកម្មវិធីសិក្សាថ្មីនេះ ដែលបានបញ្ចប់នៅខែឧសភា ឆ្នាំ២០១៨ បន្ទាប់មកទៀត ក្រសួងបានបោះពុម្ភសៀវភៅសិក្សាថ្មី ជំនួសសៀវភៅសិក្សាចាស់ និងសៀវភៅគោលដើម្បីឆ្លើយតប ទៅនឹងកម្មវិធីសិក្សាថ្មីនេះ សំដៅធ្វើយ៉ាងណា ឱ្យសិស្សមានចំណេះដឹងខ្ពស់ រួមទាំងបំណិនជីវិត និងបំណិនបច្ចេកទេស ធ្វើកសិកម្មការផ្តល់ពិគ្រោះយោបល់ ការងារមានបំណិន ទុនចេះធ្វើការជាក្រុម ចេះរិះពិចារណា ចេះដោះស្រាយបញ្ហា និង មានចរិយាសម្បត្តិល្អ ចេះជួយសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ៕