(ត្បូងឃ្មុំ)៖ រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់ផ្ញារជើងដោយខ្លួនឯង បណ្តាលឱ្យធ្លាក់ទូកុងទីន័រ មកទទឹងដងផ្លូវ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តែសំណាងដែលមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់បានរងរបួសនោះទេ បានត្រឹមបង្កការកកស្ទះរថយន្តបន្តកន្ទុយគ្នានៅលើដងតែប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើង តាំងពីវេលាម៉ោង១២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មកម្លេះហើយរហូតមកដល់ម៉ោង ៨៖ ៤០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា នេះទើបស្ទូចរថយន្តនោះចេញពីកន្លែងកើតហេតុ ហើយចរាចរណ៍បានជាធម្មតាវិញ។

លោកវរសេនីយ៍ គង់ ស៊ីហុង អធិការរងនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា បើតាមការបំភ្លឺពីម្ចាស់រថយន្តម៉ាក V1ពាក់ស្លាកលេខភ្នំពេញ 3E-4780 បានប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីតៃកុងរថយន្ត ចាំងពន្លឺរថយន្តផ្សេងមួយទៀត ដែលមកពីមុខ រួចក៏វេចង្កូតហើយបួងចង្កូតមកវិញ ក៏ក្រឡាប់តែម្តង ។ ករណីនេះដែរមិនបង្ករបួស និងគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ហើយក៏មិនបង្កការខូចខាតដល់អ្នកដទៃដែរ។

បច្ចុប្បន្នរថយន្តរងគ្រោះខាងលើ បានខូចខាតកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញ ហៅរថយន្តស្ទូច ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំអ្នកបើកបរ និងពិនិត្យឯកសារទាក់ទងនឹងយានយន្តរងគ្រោះថែមទៀត៕