(កណ្តាល)៖ ដើម្បីឲ្យលទ្ធផល នៃការប្រលងសញ្ញាបត្រទុតិយភូមិទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ក្មួយៗត្រូវខិតខំរៀនសូត្របន្ថែម កុំទុកពេលវេលាឲ្យវាហួសទៅឥតប្រយោជន៍ ហើយចំពោះសិស្សណា ដែលប្រលងជាប់និទ្ទេស A នឹងទទួលបានម៉ូតូសេរីថ្មីមួយគ្រឿងផងដែរ ព្រមទាំងឧបត្ថម្ភថវិកាទៅតាមនិទ្ទេសនីមួយៗ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សក្នុងការប្រលងនាពេលខាងមុខ។ នេះជាការប្រកាសរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។

លោក មៅ ភិរុណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ទូទាំងក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាសាខេត្ត ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់គ្នាផងដែរ។

នៅក្នុងពិធីនោះដែរ លោកអភិបាលខេត្ត បានជំរុញដល់ក្មួយៗ សិស្សានុសិស្សកំពុងត្រៀមប្រលងនោះថា «ក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត និងយកចិត្តទុកដាក់មើលមេរៀន និងចំណុះដែលចន្លោះប្រហោង ព្រោះការប្រលងនៅសល់ពេលប៉ុន្មានថ្ងៃទៀត នឹងឈានមកដល់ហើយ ដូច្នេះក្មួយៗ ត្រូវចែកពេលវេលាឲ្យបានច្បាស់លាស់ ក្នុងការទន្ទេញមេរៀន ជាពិសេស ត្រូវថែរក្សាសុខភាពឲ្យបានល្អមុនពេលប្រលង ក៏ដូចអំឡុងពេលប្រលងផងដែរ»

សម្រាប់ការប្រលងឆ្នាំនេះ មានការតឹងរឹងដូចឆ្នាំមុនៗ បើទោះបីមិនមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមក៏ដោយ ដូចនេះសូមក្មួយៗ មិនត្រូវមានការភិតភ័យនោះទេ ព្រោះគ្រប់វិញ្ញាសារ ប្រលងទាំងអស់ មិនដែលចេញផុតពីអ្វីដែលប្អូនធ្លាប់បានរៀននោះទេ ហើយត្រូវចៀសវាងឲ្យបាននូវកំហុសឆ្គង ដែលគណៈកម្មការ បញ្ឈប់នៅក្នុងពេលប្រលង។ នេះជាការក្រើនរំលឹកបន្ថែម របស់លោកអភិបាលខេត្ត ម៉ៅ ភិរុណ។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្នុងខេត្តកណ្តាល មានមណ្ឌលប្រលងចំនួន១៨ ចែកចេញជាថ្នាក់វិទ្យាសាស្រ្តចំនួន ៦មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១២មណ្ឌល ដោយឡែកក្រុងតាខ្មៅមាន ១៣មណ្ឌល។

ខេត្តកណ្តាលមានវិទ្យាល័យរដ្ឋ៣៨ និងសាលាឯកជនចំនួន៤ បានបំប៉នសិស្សថ្នាក់ទី១២ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោងក្នុងមួយមុខវិជ្ជា និងរៀនថ្ងៃធម្មតាសម្រាប់សាលាសល់បន្ទប់ និងសល់ម៉ោងចំនួន ១៣សប្តាហ៍ លើ១១មុខវិជ្ជាគឺ៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៍ ពលរដ្ឋ ភាសាអគ្លេស និងបារាំង៕